(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៦៖០០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ Facebook របស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកើនឡើងរហូតដល់ជាង ៤លានហើយ បន្ទាប់ពីទទួលបានចំនួន៣លាន កាលពីថ្ងៃទី០៦ ខែមីនា។ ទាំងនេះអាចបង្ហាញ បានថា ប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន ពេលនេះកំពុងមានសន្ទុះកើន ឡើងដោយសារតែភាពសាមញ្ញច្បាស់លាស់និងហ្មឺងម៉ាត់ របស់សម្តេចក្នុងការដឹកនាំប្រទេស។

សូមជំរាបថា ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញ Facebook ផ្លូវការកាលពីពាក់កណ្តាលខែកញ្ញា ២០១៥ កន្លងទៅនេះ គឺពលរដ្ឋកម្ពុជា ជាពិសេសយុវជនកាន់តែមានភាពជិតស្និទ្ធ និងទទួលបាននូវក្តីស្រឡាញ់ ភាពកក់ក្តៅនិងការយកចិត្តទុកដាក់ ពីសម្តេចតេជោ។ Facebook សម្តេចតេជោ គឺបានផ្តល់នូវដំណោះស្រាយល្អៗជាច្រើនដល់ប្រទេសជាតិ។ ប្រជាពលរដ្ឋសប្បាយចិត្ត និងពេញចិត្តចំពោះចំណាត់ ការដ៏ត្រឹមត្រូវ របស់សម្តេចកន្លងមក ដែលលើកតម្កើងផលប្រយោជន៍សង្គមជាតិជាធំ។ ពេលនេះប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែមាន ឱកាសគ្រប់យ៉ាង ក្នុងការអភិវឌ្ឍន៌សង្គមគ្រួសារអោយកាន់ តែរីកចម្រើនទៅមុខ។

ចំពោះរាល់សកម្មភាព និងពាក្យពេចន៍ សម្តេចតេជោ ក្នុង Facebook គឺផ្តល់នូវការអប់រំ ដាស់តឿន ជំរុញ លើកទឹកចិត្តដល់ពលរដ្ឋនិង យុវជនអោយធ្វើអំពើល្អ គោរពច្បាប់ និងចូលរួមកសាងសង្គមជាតិអោយរីកចម្រើន។ ហើយកាលពីពេលថ្មីៗនេះទៀត សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីប្រកាសណែនាំឲ្យគ្រប់ក្រសួងមន្ទីរ ខេត្ត ក្រុងនានា រៀបចំមន្រ្តីក្រុមការងារតាមដានពិនិត្យរាល់នូវសំណូមពរ ពាក្យបណ្តឹង និងសុខទុក្ខរបស់ពលរដ្ឋក្នុង Facebook សម្តេចតេជោ ដើម្បីផ្តល់នូវដំណោះស្រាយអោយបានលឿន និងមានប្រសិទ្ឋិភាព ជូនពលរដ្ឋ ទៅតាមការជឿនលឿននៃបច្ចេកវិទ្យា (E-Government) ដែលនឹងកាត់បន្ថយអំពើពុករលួយ អយុត្តិធម៌ និងភាពអសកម្មនៃការងារ ជាដើម៕