(ភ្នំពេញ)៖ ក្រុមហ៊ុនស៊ីនទ្រី បានប្រកាសថា ក្រុមហ៊ុននឹងអនុញ្ញាតឲ្យបុគ្គលិក-កម្មករ ដែលកំពុងបំរើការងារ ជូនក្រុមហ៊ុនបានឈប់សំរាកចំនួន៤ថ្ងៃ ទៅតាមប្រកាសរបស់ក្រសួនការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ។ ដូចនេះការប្រមូលសំរាមនៅក្រុងភ្នំពេញ នឹងមានភាពរអាក់រអួលបន្តិចបន្តួច ចំនួន៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦។

ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីបញ្ជាក់ថា ទោះជាយ៉ាងណាក្រុមហ៊ុន បានរៀបចំផែនការ ដោយត្រៀមកំលាំងពលកម្ម សំភារៈ និងឧបត្ថម្ភជាថវិកា ដល់បុគ្គលិក-កម្មករ ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យស្ម័គ្របំរើការ ផ្តល់សេវាសំអាត និងប្រមូលសំរាមតាមបណ្តាផ្លូវធំៗ និងទីប្រជុំជនផងដែរ​។ បន្ថែមពីនេះក្រុមហ៊ុន ក៏បានពង្រាយធុងដាំស្ទ័រ (ធុងស្តុកសំរាមធំៗ) បណ្តោះអាសន្ននៅថ្ងៃបុណ្យ ដើម្បីបញ្ជៀសក្នុងការបញ្ចេញសំរាម របស់ប្រជាពលរដ្ឋដែលពួកគាត់ពុំអាចទុកសំរាម ក្នុងទីតាំងរបស់ពួកគាត់បាន។ ការពង្រាយធុងដាំស្ទ័រ នឹងត្រូវប្រមូលសំអាតវិញ នៅក្រោយពិធីបុណ្យចប់។

ជាមួយគ្នានេះ ក្រុមហ៊ុនសូមការអធ្យាស្រ័យ ​និងយោគយល់ពីសំណាក់ ប្រជាពលរដ្ឋចំពោះភាពរអាក់រអួលនេះ និងសូមមានការវេចខ្ចប់ទុកដាក់ សំរាមបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ៕