(ស្ទឹងត្រែង)៖ អគ្គិភ័យដែលបានឆាបឆេះផ្សារធំស្ទឹងត្រែង នៅទីរួមខេត្តស្ទឹងត្រែង យ៉ាងសន្ធោសន្ធៅនោះ បានថមថយទៅវិញហើយ នៅវេលាម៉ោងជាង១២៖៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ក្រោយឆេះបំផ្លាញតូបលក់ដូរអស់ស្ទើរគ្មានសល់នៅក្នុងផ្សារ បើទោះកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ សហការជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើននាក់ ខិតខំជួយអន្តរាគមន៍យ៉ាងណាក៏ដោយនោះ ពីព្រោះទំហំនៃគ្រោះអគ្គិភ័យនេះខ្លាំងពេក។

បើទោះបីអគ្គិភ័យមានទំហំខ្លាំងក្លា យ៉ាងណាក៏ដោយ ប៉ុន្តែមិនបានបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារនោះទេ ហើយជីវិតរបស់មនុស្ស ក៏មិនមានសេចក្តីរាយការណ៍ថាបានប៉ពាល់ផងដែរ។ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ ម៉ៅ តារា បានបញ្ជាក់ថា អគ្គិភ័យបានថមថយ ប៉ុន្តែអ្វីដែលយើងមានការព្រួបារម្ភនោះ គឺខ្លាចភ្លើងឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារតែម្តង។

លោកស្នងការបានបន្តទៀតថា ក្រោមបទបញ្ជារបស់អគ្គស្នងការស្នងការ គឺខាងស្នងការខេត្តក្រចេះ ​និងស្នងការខេត្តរតនគិរី បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់ពួកគេ ចេញមកជួយអន្តរាគមន៍ផងដែរ ខណៈដែលរថយន្តពន្លត់អគ្គិភ័យរបស់លោក ចំនួន៣គ្រឿងបានប្រើអស់ហើយ។

សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ ត្រូវបានលោកស្នងការសន្និដ្ឋានថា មកពីឆ្លងចរន្តអគ្គិសនីនៅក្នុងផ្សារ។ យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងសហការគ្នាដោយអាអិច និងអាប៊ុល ទៅកាយកាត់កុំឲ្យភ្លើងឆេះរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋ​នៅក្បែរនោះ។ លោកស្នងការបានបញ្ជាក់ថា សម្រាប់តូបលក់ដូរ នៅក្នុងផ្សារគឺត្រូវឆេះបំផ្លាញគ្មានសល់ទេ តែលោកមិនទាន់ដឹងថា មានតូបប៉ុន្មានោះឡើយ ប៉ុន្តែអាចគ្រប់គ្រងកុំឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋនៅជាប់ផ្សារ៕

 

Posted by Sorn Sopheak on Thursday, April 7, 2016