(ប៉ាណាម៉ា)៖ មេធាវីរបស់ប៉ាណាម៉ា បានលើកឡើងពីបញ្ហាបែកធ្លាយឯកសារសម្ងាត់ ដែលបានបង្កជាក្តីអាម៉ាស់ដល់ថ្នាក់ ដឹកនាំកំពូលៗលើលោកនោះថា ក្រុមហ៊ុនផ្នែកច្បាប់របស់លោក បានក្លាយជាជនរងគ្រោះដោយសារតែមាន Hacker ពីក្រៅប្រទេសវាយប្រហារលួចយកទិន្នន័យ។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។

លោក Ramon Fonseca ជាមេធាវី និង ស្ថាបនិកក្រុមហ៊ុនច្បាប់ Mossack Fonseca បានឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការកំពូលរបស់ប៉ាណាម៉ា រួចរាល់ហើយ ជុំវិញការចូលលួច​ឯកសារតាមអនឡាញពីសំណាក់ Hacker នៅឯក្រៅប្រទេស។ លោក Ramon ចង់បញ្ជាក់ថា នេះមិនមែនជាការធ្វេសប្រហែស ឬចេតនានាំឲ្យបែកធ្លាយនោះទេ ប៉ុន្តែជាការលួចយកទិន្នន័យសម្ងាត់ មកចែកចាយតែម្តង។

គួរបញ្ជាក់ថាក្រុមហ៊ុនខាងលើនេះ មានមូលដ្ឋាននៅទីក្រុងប៉ាណាម៉ា ហើយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្ថាប័នស៊ើបអង្កេត នៃសហគមន៍អ្នកកាសែត អន្តរជាតិរបស់អាមេរិក (ICIJ) ព្រមទាំង ស្ថាប័នព័ត៌មានធំៗនៅលើសកលលោក កំពុងតែតាមដានយ៉ាងដិតដល់បំផុត អំពីដំណើររឿងបែក ធ្លាយរឿងលួចលាក់របស់បុគ្គលល្បីៗជាច្រើន ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំពិភពលោក៕