(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងឱ្យក្រុមនិស្សិត និងយុវជន ដែលទាមទារឱ្យ​ លោក កឹម សុខា ឆ្លើយបំភ្លឺចំពោះសំឡេងខ្សែអាត់ស្នេហា បានអះអាងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ លោកជឿជាក់ថា គណបក្សសង្គ្រោះជាតិ មិនហ៊ានប្តឹងលោកទេ ដោយលោកបញ្ជាក់ថា គណបក្សប្រឆាំងគ្រាន់តែគំរាមលោកប៉ុណ្ណោះ មិនមានចិត្តតតាំងជាមួយរូបលោកទេ និងបញ្ជាក់ថា CNRP មិនមែនជាកម្មសិទ្ធបញ្ញា របស់បុគ្គលណាម្នាក់ទេ។

យុវជនដែលសកម្មក្នុងការតវ៉ា ក្នុងករណីរឿងអាស្រូវផ្លូវភេទលោក កឹម សុខា ជាមួយស្រីស្នេហ៍នោះ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្តិចថា៖ «ខ្ញុំជឿជាក់ថា CNRP មិនហ៊ានប្តឹងខ្ញុំទេ»។ យោងតាមសេចក្តីប្រកាសរបស់បក្សសង្គ្រោះជាតិថា CNRP គឺជាបក្សកើតចេញពីឆន្ទៈរាស្រ្ត និងជារបស់រាស្រ្តទាំងអស់គ្នា, ច្បាប់បង្កើតបក្សនយោបាយ ត្រូវមានសមាជិក៤០០០នាក់, រដ្ឋធម្មនុញ្ញ មាត្រា៣៥ (ពលរដ្ឋមានសិទ្ធ ធ្វើនយោបាយ) យោងខាងលើបញ្ជាក់ថា CNRP មិនមែនជាកម្មសិទ្ធបញ្ញារបស់បុគ្គលណាម្នាក់ទេ។

ការលើកឡើងរបស់លោក ស្រី ចំរើន តំណាងក្រុមនិស្សិតនេះ បានធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិ បានព្រមានប្តឹងលោកទៅតុលាការ ជុំវិញករណីលោក ដឹកនាំក្រុមនិស្សិតហែក្បួនទាមទារឱ្យ លោក កឹម សុខា ឆ្លើយបំភ្លឺរឿងសំឡេងខ្សែអាត់ ដោយបានប្រើប្រាស់ទង់ជាតិ មួក និងសម្លៀកបំពាក់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។

លោក ស្រី ចំរើន បានឱ្យដឹងថា «សម្រាប់រូបខ្ញូំ គឺខ្ញុំសូមស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេចចំពោះ សេចក្តីថ្លែងការណ៍របស់លោក កឹម សុខា និងបណ្តឹងរបស់​គណបក្សសង្គ្រោះជាតិ មកលើរូបខ្ញុំ»