(ភ្នំពេញ)៖ រថភ្លើងដឹកអ្នកដំណើរ​ ពីភ្នំពេញ ទៅព្រះសីហនុ និងពីព្រះសីហនុមកភ្នំពេញ នឹងត្រូវដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ពោលគឺនៅមុនថ្ងៃមកដល់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលបងប្អូនប្រជាពលរដ្ឋ សម្រុកចេញពីភ្នំពេញ ទៅតាមបណ្តាលខេត្ត ហើយការដំណើរការខ្សែរថភ្លើងនេះ រំពឹងថានឹងជួយសម្រួលដល់ចរាចរណ៍បានមួយកំរិត។

តំណាងក្រុងហ៊ុន​ Royal Railways ដែលជាក្រុមហ៊ុន ទទួលសិទ្ធិវិនិយោគលើការដឹកជញ្ជូន តាមផ្លូវរថភ្លើង បានប្រាប់អង្គភាព Fresh News តាមទូរសព្ទនៅរសៀលថ្ងៃទី២១ ខែមីនានេះថា ក្រុមហ៊ុននឹងធ្វើការរត់សាកល្បង នៃការដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវរថភ្លើង ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហុន កាត់ខេត្តតាកែវ និងកំពត។ ក្នុងដំណើរផ្លូវរត់នេះ រថភ្លើងដឹកអ្នកដំណើរ នឹងអាចចតដាក់អ្នកដំណើរ នៅស្ថានីយរថភ្លើង ខេត្តតាកែវ និងកំពត មុននឹងទៅដល់ស្ថានីយ៍រថភ្លើង នៅខេត្តព្រះសីហនុ។

តំណាងក្រុមហ៊ុនដដែលរូបនោះ បានបញ្ជាក់ទៀតថា ការរត់សាកល្បងនេះ នឹងមានរយៈពេល១សប្តាហ៍ពេញ ចាប់ពីថ្ងៃទី៩ ដល់១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីជួយសម្រួលដល់ចរាចរណ៍ ដែលមមាញឹកខ្លាំង ក្នុងអំឡុងពេលប្រជាពលរដ្ឋ សម្រាប់ចេញនិងចូលពីរាជធានីភ្នំពេញ ទៅតាមខេត្ត និងពីតាមខេត្តមកភ្នំពេញវិញ។

តំណាងក្រុមហ៊ុនបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់ការរត់សាកល្បង ក្រុមហ៊ុននឹងធ្វើការពិចារណាបន្តទៀត នូវការរត់របស់រថយន្ត ក្នុងពេលវេលាសមស្របណាមួយ តែប្រសិនបើនៅពេលដាក់ ដំណើរការសាកល្បងរួច ហើយមានប្រជាពលរដ្ឋគាំទ្រច្រើន ក្រុមហ៊ុន នឹងធ្វើការរត់ជាប្រចាំផងដែរ។

ដោយឡែកចំពោះតំលៃ នៃការធ្វើដំណើរតាមរថភ្លើងវិញ ត្រូវបានតំណាងក្រុមហ៊ុនរូបនោះបញ្ជាក់ថា ពីភ្នំពេញទៅព្រះសីហនុ សំបុត្រថ្លៃ៧ដុល្លារក្នុងម្នាក់ ដោយប្រើរយៈពេល៨ម៉ោងលើចម្ងាយផ្លូវ ២៦០គីឡូម៉ែត្រ។ ហើយពីភ្នំពេញ ទៅតាកែវ សំបុត្រថ្លៃ៥ដុល្លារក្នុងម្នាក់ ខណៈពីភ្នំពេញទៅកំពត ថ្លៃ៦ដុល្លារក្នុងម្នាក់។ សំបុត្រអាចរកទិញនៅតាមស្ថានីយរថភ្លើងនៅភ្នំពេញ ក៏ដូចជាតាមខេត្តផងដែរ។

សូមជម្រាបថា រថភ្លើងដឹកអ្នកដំណើររបស់កម្ពុជា ត្រូវបានផ្អាកដំណើរការ ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីជួបបញ្ហាប្រឈមមួយចំនួន៕