​(កំពត)៖ រោងចក្រស៊ីម៉ងត៍ធំជាងគេ និងទំនើបជាងគេ នៅកម្ពុជា​ ដែលមានទីតាំង ក្នុងភូមិព្រៃតាព្រឹត​ ឃុំស្តេចគង់ខាងលិច​ ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវ​បានបញ្ចុះ​បឋមសិលា​ ​​ចាប់​ផ្តើម​សាងសង់ នៅ​​ខេត្ត​កំពត​​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែមីនា ឆ្នាំ​២០១៦នេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

រោងចក្រស៊ីម៉ងត៍​​នេះ គឺ​ជា​សមិទ្ធិផល​ នៃ​​ក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី​ ស៊ីមេន ខបភើរេសិន ដែល​កើត​ចេញ​ពី​​ការវិនិយោគរួមគ្នា​គិត​ជា​ទឹក​ប្រាក់​ ២៦២លានដុល្លារ​ សហរដ្ឋ​អាមេរិក ​​​រវាង​ក្រុមហ៊ុន​ ជីបម៉ុងស៊ីមេនគ្រុបនិងក្រុមហ៊ុន ​ ស៊ីយ៉ាមស៊ីធីស៊ីមេន ផាប់ប្ល៊ិកខមភែនីលីមីតធីត ដែល​ជា​ក្រុម​ហ៊ុន​ មានបទ​ពិសោធន៍​ជាង​៤០​ឆ្នាំ ​ក្នុង​ការ​ផលិត​​ស៊ីម៉ងត៍​ដ៏ធំជាង​គេ​មួយ​ នៅ​ក្នុង​តំបន់​អាស៊ាន​។​ រោងចក្រថ្មី​នេះ​នឹង​ត្រូវ​បាន​​បំពាក់ដោយសម្ភារៈ និង​បច្ចេកវិទ្យា​ទំនើបចុងក្រោយបំផុត ​ពី​​ប្រ​ទេស​ចិន​ និង​អាល្លឺម៉ង់​ហើយ​នឹង ​មាន​សមត្ថភាព​ផលិត​ ស៊ីម៉ងត៍​បាន​៥ពាន់តោន ក្នុង​មួយថ្ងៃ។  

លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំរបស់​ក្រុមហ៊ុន ជីបម៉ុងអ៊ិនស៊ីស៊ីមេន ខបភើរេសិន​ បានថ្លែង​ ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ថា ​រោងចក្រថ្មី​នេះ ​ត្រូវបានរចនាឡើង ដើម្បីអនុលោម​តាម​បទដ្ឋាន​គុណភាព អន្តរជាតិ និងសន្សំសំចៃថាមពល។ រោងចក្រនេះ ​នឹងត្រូវបានដំណើរការ​​ តាមបទដ្ឋាន​អន្តរជាតិ និងផ្តល់​សេវាដោយ​បុគ្គលិក​ដែល​នឹង​ទទួលការ បណ្តុះបណ្តាល​យ៉ាងត្រឹមត្រូវ ដើម្បីធានា​សុខមាលភាព ដល់​សហគមន៍​ ដែលនៅក្បែររោងចក្រ និង​រក្សា​ទំនាក់ទំនង​ល្អ ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់។

លោកឧកញ៉ា លាង ឃុន ​បាន​ឲ្យដឹង​ទៀត​ថា «រោងចក្រផលិតស៊ីម៉ងត៍​មួយនេះ នឹងផ្តល់ផលប្រយោជន៍​សេដ្ឋកិច្ច និង​ប្រយោជន៍​ផ្សេងៗ​ជាច្រើនទៀត​​ដល់កម្ពុជា តាមរយៈការកាត់បន្ថយបន្ទុក ក្នុងការនាំចូលស៊ីម៉ងត៍​​ ពីបរទេសការប្រើប្រាស់ធនធាន ធម្មជាតិដោយភាពឆ្លាតវៃ ការ​កាត់បន្ថយអត្រាភាពក្រីក្រ និងការ​កាត់​បន្ថយ​ចំនួនកម្មករចំ​ណាក​ស្រុក​​ ទៅ​​បរទេស»។

លោកឧកញ៉ា លាង ឃុន ​បាន​បញ្ជាក់ថា ​រោង​ចក្រ​ស៊ីម៉ងត៍​ដ៏​ធំ​នេះ នឹង​​ផ្តល់​ការ​ងារ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ​ដល់​ប្រជាពល​រដ្ឋ​​កម្ពុជា ។ ​ពេល​កំពុង​សាង​សង់​រោងចក្រ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ពី​៦០០​ទៅ​១,៨០០នាក់​ ហើយ​ពេល​សាងសង់​រួច​ រោង​ចក្រ​នឹង​ផ្តល់​ការ​ងារ​ដោយ​ផ្ទាល់​ចំនួន​៥០០​នាក់​ និង​ដោយប្រយោល​ចំនួន៥ពាន់​នាក់ទៀត​។

សម្តេចវិបុលសេនា​ភក្តី សាយ ឈុំ ប្រ​ធាន​ព្រឹទ្ធសភា​ នៃ​កម្ពុជា​ ក៏​បាន​សាទរលើ​​គម្រោង​សាង​សង់​ រោង​ចក្រ​ស៊ីម៉ងត៍ដ៏​ធំមួយ​នេះផងដែរ។

សម្តេច​បាន​មាន​ប្រ​សាសន៍ថា «ការវិនិយោគ​ របស់ក្រុមហ៊ុន​​ជីបម៉ុងអ៊ីនស៊ី​ ស៊ីមេន ខបភើរេសិន​​ លើគម្រោង​សាងសង់ រោងចក្រស៊ីម៉ងត៍នេះ គឺជាការវិនិយោគលើអនាគត របស់កម្ពុជា»។

សម្តេចបន្ថែមថា រោងចក្រខ្នាតធំនេះ នឹង​ជួយ​បំ​ពេញតម្រូវការ​ ស៊ីម៉ងត៍​ក្នុង​វិស័យសំ​ណង់​​កម្ពុជា ​ដែល​កំ​ពុង​រីកចម្រើនខ្លាំង។

បើតាម​ការ​អះអាង ​របស់​ម្ចាស់​ភាគហ៊ុន​ធំ នៃ​​​ក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី​ ស៊ីមេន ខបភើរេសិន រោង​ចក្រ​ស៊ីម៉ងត៍នេះ​ នឹង​ក្លាយ​ជា​រោង​ចក្រ ស៊ីម៉ងត៍ដ៏​​ធំបំផុត​ ទំនើបបំផុត សន្សំសំចៃថាមពលបំផុត និង​បញ្ចេញ​កាកសំណល់ សារធាតុកាបូនទាបបំផុត នៅ​ក្នុង​ប្រទេស​​កម្ពុជា៕