(​ព្យុង​យ៉ាង​)៖ មេដឹកនាំ​កំពូល​នៃ​ប្រទេស​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​និយាយថា ប្រទេស​របស់​លោក​នឹង​ធ្វើ​តេស្ត​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ និង​ការបំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះ ទៅលើ​គ្រាប់​រ៉ុក្កែត​ប្រភេទ​ផ្សេងៗ​គ្នា នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ ដកស្រង់​ចេញពី សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦​។​

​ការលើកឡើង​របស់​មេ​ដឹកនាំ​ជំនាន់​ទី​បី របស់​កូរ៉េ​ខាងជើង ខាងលើ​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ចេតនា​មួយ​បង្ហាញ​ពី សមត្ថភាព​នៃ​ការផលិត​អាវុធ​ប្រល័យ​លោក ដែល​វា​កំពុង​ឈាន​ចូល​ដល់​តំណាក់កាល​ដ៏​ខ្លាំងក្លា​មួយ គឺ​ទីក្រុង​ព្យុង​យ៉ាង អាច​ប្រើប្រាស់​នុយក្លេអ៊ែ​រ ធ្វើ​ជា​ក្បាល​គ្រាប់​បំពាក់​លើ​គ្រាប់​មី​ស៊ី​ល​រំលង​ទ្វីប​បាន​។

​លោក គីម ជុង​អ៊ុន បាន​លើកឡើង​ទៀត​ថា កូរ៉េខាងជើង បាន​ឈាន​ចូលដល់​យុគសម័យ​ថ្មី ដែល​ជា​ដំណើរ​ល្អ​បំផុត នៅ​ក្នុង​ការផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បំពាក់​លើ​គ្រាប់​រ៉ុក្កែត ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់បំផុត​។ វា​ការពង្រីក សមត្ថភាព​ការពារជាតិ​របស់​កូរ៉េខាងជើង និង ជា​ឧស្សាហកម្ម​មួយ​ដែល​អាច​នាំ​ឲ្យ​កូរ៉េ​ខាងជើង កាន់តែ​ទទួល ទណ្ឌកម្ម​ខ្លាំង​ឡើង​ពី​អន្តរជាតិ​ផងដែរ​៕