(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិយានយន្តជូនប្រជាពលរដ្ឋ នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មុននេះបន្តិចនារសៀលថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន​ សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា​៖ «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេច ស្ដីពីការលើកលែងពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំង ដល់១៥០សេស»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា សេចក្ដីសម្រេចនេះនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដែលនឹងជួយ សម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន បានធូរស្រាលមួយកំរិតធំផងដែរ។ ខ្ញុំសូមជូនពរបង ប្អូនជន រួមជាតិជួបប្រទះតែសំណាងល្អគ្រប់ៗគ្នា និងសូមបងប្អូនបើកបរដោយគោរព ច្បាប់ចរាចរណ៌ទាំងអស់គ្នា»៕