(ភ្នំពេញ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Fresh News ឱ្យដឹងថា នាថ្មីៗនេះ លោកបានបញ្ជូនសំណុំរឿងបរិហារកេរ្តិ៍ លើកញ្ញា ធី សុវណ្ណថា ទៅអគ្គស្នងការដ្ឋាននគរបាលជាតិហើយ ដើម្បីឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតមួយ ទៅលើសំឡេងខ្សែអាត់សាសងគ្នាដែលគេសង្ស័យថាជា លោក កឹម សុខា នារីម្នាក់ឈ្មោះស្រីមុំ។

កញ្ញា ធី សុវណ្ណថា កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសារសំឡេងបរិហាកេរ្តិ៍នាង ចេញពីខ្សែអាត់សំឡេងមួយ ដែលបែកធ្លាយនៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន។ នៅក្នុងលិខិតពាក្យបណ្តឹងរបស់កញ្ញាបានបង្ហាញថា៖ ខ្លឹមសារក្នុងខ្សែអាត់សម្លេងនោះ (ខ្សៃអាត់សម្លេងឆ្លងឆ្លើយដែលគេជឿថាជាលោក កឹម សុខា និងយុវតីម្នាក់) មានចរិតជាការមួលបង្កាច់ និងជាការបំផ្លើសការពិតទាំងស្រុង ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់រូបនាង។

ទោះជាយ៉ាងណា Fresh News មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីមន្រ្តីអគ្គស្នងការដ្ឋាននគរបាលជាតិ បានភ្លាមៗនៅឡើយ នៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ។

សូមជំរាបថា ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ សំឡេងខ្សែអាត់សាសងស្នេហា ដោយលេបខាយអំពីរឿងលើគ្រែយ៉ាងស្អិតរមួយ ដែលគេសង្ស័យថាមានការពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ បានបែកធ្លាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។ នៅក្នុងខ្សែអាត់សំឡេង ប្រហែល៥នាទី មួយក្នុងចំណោមខ្សែអាត់សំឡេងទាំងនោះ សំឡេងបុរសដែលគេជឿថាជាលោក កឹម សុខា បាននិយាយរិះគន់ដល់កញ្ញា ធី សុវណ្ណថា ដែលជាអតីតសកម្មជនរបស់ខ្លួន។

សំឡេងបុរសនោះនិយាយប្រាប់ទៅស្រីកំណាន់ របស់ខ្លួនថា «ធី សុវណ្ណថា ថាជាក្មេងស្រីដែលសុំគាត់ធ្វើការតាំងពី នៅគណបក្សសិទ្ធិមនុស្ស ហើយចុងក្រោយនេះ លោក កឹម សុខា ចោទថា កញ្ញា ធី សុវណ្ណថា បានឈ្លោះគ្នាជាមួយគណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាជាមួយកូនស្រីរបស់គាត់ និងថា ធី សុវណ្ណថា ឈប់ពីសង្គ្រោះជាតិយូរហើយ»៕