(ភ្នំពេញ)៖ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរំលឹកឡើងវិញនូវជំនួបរបស់សម្តេច និងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក John Kerry កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនោះ។ 

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់លោក John Kerry ថា អាមេរិក ល្មមផ្តល់យុត្តិធម៌ដល់កម្ពុជាហើយ រឿងជម្លោះសមុទ្រចិនខាងត្បូង។

សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់លោក John Kerry ទៀតថា សម្តេចអន់ចិត្តខ្លាំង ចំពោះការចោទប្រកាន់កម្ពុជាថា មានភាពលំអៀងទៅរកចិន ទើបមិនអាចចេញសេចក្តីថ្លែងការណ៍រួមលើ COC ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកាលពីចុងឆ្នាំ២០១២។

សម្តេចតេជោ បានបញ្ជាក់ថា ត្រូវតែបញ្ជាក់បញ្ហានេះឲ្យបានច្បាស់មុននឹងសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នាថ្ងៃទី១៥-១៦ ខែកុម្ភៈ នេះនៅកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

សម្តេចតេជោ ក៏បានថ្លែងរិះគន់ផងដែរ ទៅដល់អ្នកវិភាគថា កម្ពុជាខ្លាចចិនអន់ចិត្ត ទើបជំរុញមានដំណើរទស្សនកិច្ចឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការបរទេសកម្ពុជា លោក ហោ ណាំហុង ទៅកាន់ប្រទេសចិន៕