(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានបន្តអះអាងថា វាជាការល្អហើយ ដែលសកម្មជនគណបក្សប្រឆាំងឈ្មោះ Brady Young (ឈ្មោះនៅលើ Facebook) បានប្រាប់ត្រង់ៗអំពីផែនការដ៏អាក្រក់របស់បក្សប្រឆាំង ដើម្បីត្រៀមរៀបចំធ្វើបាតុកម្មប្រឆាំងសម្តេចនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ តើនេះជាការបញ្ជាផ្ទាល់ពីមេដឹកនាំបក្សប្រឆាំង ឬក៏សាខាបក្សប្រឆាំង នៅសហរដ្ឋអាមេរិក ឬមួយក៏មានសេចក្តីប្រកាសឲ្យធ្វើបាតុកម្មប្រឆាំងបែបនេះ? ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ប្រសិនការធ្វើបាតុកម្មនៅសហរដ្ឋអាមេរិកកើតមាន, ដូច្នេះសិទ្ធិការធ្វើបាតុកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងមេបក្សប្រឆាំងក៏អាចកើតមាន, ហើយត្រូវទទួលស្គាល់ សិទ្ធិបាតុកម្មរបស់អ្នកគាំទ្រសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីមេដឹកនាំបក្សប្រឆាំងបដិសេធមិនពាក់ព័ន្ធ ប៉ុន្តែរបាយការណ៍ហិរញ្ញវត្ថុ នៃបក្សប្រឆាំងនៅរដ្ឋមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញពីការចំណាយលុយធ្វើបាតុកម្ម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ នៅបុរី ញីវយ៉ក។

ការសរសេរ និងរូបភាពសកម្មជនគណបក្សប្រឆាំង ឈ្មោះ Brady Young (ឈ្មោះនៅលើ Facebook) គឺជាទង្វើរបស់គណបក្សសង្គ្រោះជាតិតែម្តង ព្រោះគេបានពាក់មួក CNRP និងរូបថតជាមួយមន្រ្តីជាន់ខ្ពស់ CNRP។

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ សកម្មជនបក្សប្រឆាំង នៅសហរដ្ឋអាមេរិក បានសរសេរប្រកាសនៅលើ Facebook របស់សម្តេចតេជោថា៖ សកម្មជនរបស់បក្សប្រឆាំង នៅសហរដ្ឋអាមេរិក បានរៀបចំផែនការធ្វើបាតុកម្មមួយ ដើម្បីប្រឆាំងសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅពេលដែលសម្តេចអញ្ជើញ ទៅកាន់ប្រជុំនៅទីនោះនាខែក្រោយ៕

ខាងក្រោមនេះជារូបភាពសកម្មជនបក្សប្រឆាំង នៅសហរដ្ឋអាមេរិក ដែលប្រាប់ត្រង់ៗអំពីផែនការធ្វើបាតុកម្ម និង https://www.facebook.com/bradyyoung02?fref=ts