(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសប្រកបដោយសេចក្តីអភិរម្យសោមនស្សរីករាយ ដ៏មហានក្ខត្ដឫក្សមង្គលសួស្តីប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនាថ្ងៃ សៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ និង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវមនោសញ្ចេតនារីករាយ ប្រកបដោយសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ និងសូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ។

យើងខ្ញុំ សូមគោរពស្ញប់ស្ញែងបំផុត ប្រកបដោយមោទកភាព ចំពោះវីរៈភាពដ៏ឆ្នើម អង់អាចក្លាហាន ឆន្ទៈមោះមុត របស់ សម្ដេចតេជោ ដែលបានតស៊ូរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ដឹកនាំជាតិកម្ពុជាប្រកបដោយគតិបណ្ឌិតខ្ពស់ អនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ ទទួលបានការឯកភាពទឹកដី មានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសស្ថិតក្នុងបរិការណ៍ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ សម្តេចតេជោ គឺបុរសសង្ហារដើរបញ្ច្រាសទិស និងបើកបេះដូងចំហរ ដោះស្រាយវិបត្តិមនុស្សធម៌នៅលើសកលលោក ជួយគ្នាក្នុងគ្រាក្រជាមួយបង-ប្អូនចិន ទទួលទេសចរណ៍ចម្រុះជាតិសាសន៍លើនាវាវ៉េស្ទឺដាម ធ្វើឲ្យកិត្តិសព្ទ ព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺខ្ទរខ្ទា។

លើសពីនេះទៅទៀត សម្តេចតេជោ បានចាត់វិធានការចាំបាច់នានា ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ដើម្បីគាំពារអាយុជីវិតប្រជាជនជាទីគោរពស្រឡាញ់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសឆ្នាំថ្មីនេះ យើងខ្ញុំ សូមអញ្ជលីប្រណម្យបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ព្រះនាម គោរាគទេវី សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និង ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ បន្តដឹកនាំប្រទេសកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងសុខសន្តិភាព ស្ថិរភាព សម្បូរណ៍សប្បាយ រុងរឿង តរៀងទៅ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖