(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ គ្រោងបង្កើតទីតាំងចាក់សំរាម ២កន្លែងផ្សេងទៀត នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ដើម្បីសម្រួលក្នុងការទុកដាក់សំរាមក្នុងរាជធានី និងបង្កការកកស្ទះចរាចរណ៍ ដោយការដឹកសំរាម។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងក្រុមហ៊ុនស៊ិនទ្រី ចុះពិនិត្យស្ថានភាពផ្ទាល់នៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ដោយសារទីតាំងចាក់សំរាមចាស់ មិនអាចទទួលសំរាមបន្ដបាន សាលារាជធានីភ្នំពេញបានសិក្សាទីតាំងថ្មីចំនួនពីរបន្ថែមទៀត នៅក្បែរនោះដើម្បីចាក់សំរាមបន្ដ។

នៅលើទំព័រ Facebook របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ម្សិលមិញនេះ បានបង្ហាញថា បច្ចុប្បន្ននេះរាជធានីភ្នំពេញ មានទីលានចាក់សំរាមនៅខណ្ឌដង្កោតែមួយប៉ុណ្ណោះ ដែលមានទំហំផ្ទៃក្រឡាជាង ៣១ហិកតា ដែលជាជំហានបន្ទាប់ សាលារាជធានីភ្នំពេញ នឹងសិក្សារកទី២កន្លែងផ្សេងទៀត ស្ថិតក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងគោលបំណងទប់ស្កាត់ការនាំយកសំរាមមកពីទីឆ្ងាយ ជាហេតុបណ្ដាលឲ្យមានភាពយឺតយាវ និងបណ្ដាលឲ្យកកស្ទះចរាចរណ៍ ឬមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ សំរាមនៅក្នុងរាជធានីភ្នំពេញជាង ៣លានតោន ត្រូវបានចាក់នៅទីលានចាក់សំរាមដង្កោ ហើយក្នុងឆ្នាំ២០១៥នេះ សំរាមជាមធ្យម ២ពាន់តោន ត្រូវបានដឹកយកមកចាក់នៅទីលានជារៀងរាល់ថ្ងៃ ដែលមានសមាសធាតុ ដូចជា៖ ៥៧.៤%ជាសំរាមម្ហូបអាហារ ១៨.១%ជាថង់ប្លាស្ទីក ៦%ជាក្រដាស ០.២%ជាកៅស៊ូ និងស្បែក និង១៨.៣%ជាស្មៅ ឈើ ដែក ក្រណាត់ ថ្ម ផ្សេងៗ (ការសិក្សារបស់ ASIA Fuondation/ITC)។

សូមបញ្ជាក់ថាឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថមការសាងសង់អគារស្នាក់នៅមួយខ្នង សម្រាប់បុគ្គលិកនៃទីលានចំនួន ៣៤នាក់ ដែលបំពេញការងារ ២៤/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍ ចែកចេញជា ២វេនធ្វើការផងដែរ៕