(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយបានបំបែកករណីចាប់ជម្រិត និងចាប់បង្ខាំងទុក ជនជាតិចិនចំនួន៣នាក់ ហើយជនសង្ស័យចំនួន៧នាក់ មានប្រុស៥នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។

តាមព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ករណីនេះបានកើតឡើង នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាកន្លែងដែលកម្លាំងអាវុធហត្ថ បង្ក្រាបបានជនសង្ស័យ ហើយរំដោះបានជនរងគ្រោះ ជាជនជាតិចិនចំនួន៣នាក់ ។ ក្រោយការសួរនាំរួចមក និងមានការបំភ្លឺពីជនរងគ្រោះផងនោះ ទើបនៅរសៀលថ្ងៃទី១៤ ខែធ្នូនេះ កម្លាំងអាវុធហត្ថក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មកចុះឆែកឆេរផ្ទះលេខ ១១២ EH ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ប៉ុន្តែមិនបានរកឃើញជនសង្ស័យណាម្នាក់ទៀតឡើយ ។

បើតាមប្រភពព័ត៌មានដដែល សម្រាប់ករណីនេះ បានកើតឡើង និងអូសបន្លាយរយ:ពេលជាង២ខែមកហើយ ដោយជនសង្ស័យបានចាប់ខ្លួន ជនរងគ្រោះពីខេត្តព្រះសីហនុមកភ្នំពេញ តែទើបនៅពេលនេះ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប និងបំបែកបានតែម្តង។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំង៧នាក់ ជាជនជាតិចិន ត្រូវបានយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

\