(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង ៤៖៥០នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះ ប្រតិបត្តិការ របស់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជួយអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គិភ័យ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ បានបញ្ចប់ហើយ ដោយផ្ទះប្រជាពលរដ្ឋជិត១០ខ្នង ធ្វើពីឈើលើថ្មក្រោមត្រូវបំផ្លាញទាំងស្រុងបូកទាំងទ្រព្យនានានៅក្នុងផ្ទះ ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង មកពីស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មកពីក្រុមហ៊ុនតេឡា និងក្រុមហ៊ុនស្រាបៀរកម្ពុជា ត្រូវបានបញ្ជូនទៅជួយអន្តរាគមន៍ផងដែរ ។

នាយនគរបាលប៉ុស្តិ៍ស្វាយប៉ាក មិនទាន់អាចបញ្ជាក់ពីទំហំ នៃការខូចខាត ដែលបណ្តាលមកពីគ្រោះ អគ្គិភ័យខាងលើនេះ នៅឡើយទេ ដោយកំពុងស្រង់ស្ថិតិ និងសួរនាំម្ចាស់ផ្ទះ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច គ្រោះអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ យ៉ាងណាក៏ដោយមិនមានសេចក្តីរាយការណ័ ពីការប៉ះពាល់អាយុជីវិត របស់ម្ចាស់ផ្ទះនោះឡើយ ។ ប៉ុន្តែគ្រោះថ្នាក់សង្គមមួយនេះ បានធ្វើអោយស្ត្រីម្ចាស់ផ្ទះម្នាក់ស្រែកទ្រហោយំ ខណ:ដែលកំពុងឃើញផ្ទះ និងទ្រព្យសម្បត្តិរបស់ខ្លួនស្ថិតក្នុងអណ្តាតភ្លើងយ៉ាងក្រហមឆ្អិនឆ្អៅ ៕

BREAKING NEWS: អគ្គិភ័យបាននឹងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំស្ពានលីយ៉ុងផាត់

Posted by FN Photo on Sunday, December 13, 2015