(ភ្នំពេញ)៖ ទីតាំងលួចផលិតថ្នាំសម្លាប់ សត្វល្អិតក្លែងក្លាយមួយកន្លែង ដែលមានម្ចាស់ជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ​ កម្លាំងសមត្ថកិច្ចផ្សេងៗទៀត ដឹកនាំដោយ លោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី ចុះបង្ក្រាបបានជាក់ស្ដែង ដោយរកឃើញវត្ថុតាងបទល្មើស ជាថ្នាំក្លែងក្លាយទម្ងន់ជាង១០តោន និងឃាត់ខ្លួនជនជាតិចិនម្នាក់ សង្ស័យជាម្ចាស់ទីតាំង។

ប្រតិបត្តិការបង្ក្រាបបទល្មើស ក្លែងក្លាយរំលោភលើកម្មសិទ្ធិបញ្ញាខាងលើនេះ បានប្រព្រឹត្តទៅនៅម៉ោងជាង ១១ថ្ងៃត្រង់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង។

លោកឧត្តមសេនីយ៍ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលបានដឹកនាំកម្លាំង ចុះបង្ក្រាបបានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ដំបូងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង លោកបានដាក់កម្លាំងស្រាវជ្រាវ ក្រោយពីដឹងទីតាំង និងទទួលបានបញ្ជាពី លោកឧត្តមសេនីយ៍ជា សុមេធី អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរួចមក លោកបានសុំគោលការណ៍ ពីព្រះរាជអាជ្ញាចុះធ្វើការបង្ក្រាប រកឃើញបទល្មើសជាក់ស្ដែងតែម្ដង និយាយរួម គឺបង្ក្រាបបានទីតាំងផលិត និងស្តុកទំនិញក្លែងក្លាយប្រភេទថ្នាំបាញ់ សម្លាប់សត្វល្អិតនិងបាញ់សម្លាប់ស្មៅជាដើម ដែលតាមការប៉ាន់ស្មាន មានទម្ងន់ជាង១០តោន រួមទាំងសម្ភារវេចខ្ចប់ជាច្រើនទៀត រួមទាំងឃាត់ខ្លួន ជនជាតិចិនម្នាក់ផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចចំរុះ កំពុងធ្វើការសួរនាំ និងត្រួតពិនិត្យធ្វើកំណត់ហេតុដកហូត និងអនុវត្តតាមច្បាប់៕