(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយទីភ្នាក់ងារសត្វ និងភូតគាមអនាម័យ នៃសាធារណៈរដ្ឋកូរ៉ ស្តីពីការនាំចេញផ្លៃស្វាយស្រស់របស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េ ដើម្បីបើកចំហរទីផ្សារកសិផល របស់កសិករកម្ពុជា ទៅកាន់ទីផ្សារអន្តរឲ្យកាន់ធំទូលាយថែមទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា កូរ៉េខាងត្បូង ជាប្រទេសដែលមានតម្រូវការផ្លៃស្វាយច្រើន ហើយប្រទេសនេះ បាននាំចូលស្វាយ ពីប្រទេសវៀតណាម និងថៃ ដោយផ្លៃស្វាយរបស់កម្ពុជា មួយចំនួនក៏ត្រូវនាំទៅប្រទេសវៀតណាម ឬ ថៃ រួចបន្តនាំចេញទៅកូរ៉ផងដែរ។

លោក អ៊ាង សុផល្លែត បានថ្លែងថា «អនុស្សារណៈយោគយល់គ្នាថ្មីនេះ ជាការបើកទ្វារទីផ្សារថ្មីមួយទៀត សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ស្របតាមគោលនយោបាយជំរុញ វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។ ចាប់ពីពេលនេះតទៅ ផ្លៃស្វាយរបស់ប្រជាកសិករកម្ពុជា អាចនាំចេញទៅកូរ៉េបានទាំងអស់ ឲ្យតែផ្លាស្វាយទាំងនោះ គោរពតាមលក្ខខណ្ឌស្តង់ដារ អនាម័យរបស់ប្រទេសកូរ៉»។

សូមជម្រាបថា ស្វាយជាដំណាំដ៏ពេញនិយមមួយ របស់បងប្អូនប្រជាកសិករយើង ដោយមួយឆ្នាំៗផ្លៃស្វាយមិនតិចទេ ត្រូវបានឈ្មួញនាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈដែលតម្លៃស្វាយត្រូវបានគេឡើងចុះ តាមបបូរមាត់របស់ឈ្មួញ៕