(ភ្នំពេញ)៖ ការស៊ើបអង្កេតទៅលើសំណុំរឿងឃាតកម្មសម្លាប់លោក វ៉ាលី យេ និង កូនៗទាំង៤នាក់ កាលពីអំឡុងឆ្នាំ២០១១ ទទួលបានតម្រុយ និង លទ្ធផលជាច្រើនហើយ បន្ទាប់ពីបានសួរចម្លើយពីប្រភពមួយចំនួននោះ។ ក្នុងនោះមានបុគ្គលមួយចំនួន នឹងក្លាយទៅជាគោលដៅសំខាន់ក្នុងការស៊ើបអង្កេតផងដែរ។

លោកស្រីចៅ ក្លូឌីន អង់ហ៊្វូ (Claudine Enfoux) ចៅក្រមស៊ើបសួរបារាំង និងក្រុមការងារបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីបន្តបើកការស៊ើបអង្កេតទៅលើករណីឃាតកម្មសម្លាប់លោក វ៉ាលីយេ ដែលជាជនជាតិបារាំង  និងកូនៗ៤នាក់។

បេសកកម្មស៊ើបអង្កេតរបស់លោកស្រី ក្លូឌីន អង់ហ៊្វូ បានបញ្ចប់ហើយ ហើយលោកស្រី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះស្ថាប័ននគរបាល និងយុត្តិធម៌ របស់ប្រទេសកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងពេញទំហឹង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់លោកស្រី ក្លូឌីន អង់ហ៊្វូ និងត្រូវបានចែកចាយបន្តដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥។

សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ទៀតថា ដោយមានការសាកសួរចម្លើយ និង ការផ្ទៀងផ្ទាត់ ដែលត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងតុលាការបារាំង និងកម្ពុជា បានជួយឲ្យមានការរីកចម្រើនខ្លាំង ក្នុងការស៊ើបអង្កេតសំណុំរឿងនេះ ជាពិសេសតាមរយៈការធ្វើកោសល្យវិច័យនៅប្រទេសបារាំង។

ប្រភពដដែលបានបន្តថា ដោយសារការស្លាប់របស់គ្រួសារលោក វ៉ាលីយេ ត្រូវបានសន្និដ្ឋានជាផ្លូវការថា ជាអំពើឃាតកម្មនោះ  ការស៊ើបអង្កេត នឹងផ្តោតសំខាន់ទៅលើបុគ្គលមួយចំនួន ដែលបានផ្តល់ចម្លើយខុសៗគ្នា ក្នុងពេលសាកសួរ។ ការស៊ើបអង្កេតនឹងត្រូវធ្វើបន្តប្រកបដោយតម្លាភាពរវាងប្រទេសទាំងពីរ តាមរយ:ការវិភាគលើសំណាកថ្មីៗបន្ថែមទៀត។

សពរបស់លោក វ៉ាលីយេ និងកូនកាត់ខ្មែរបួននាក់របស់លោក  ត្រូវគេបានរកឃើញនៅក្នុងរថយន្តដែលលិចនៅក្នុងស្រះទឹក ក្រោយផ្ទះរបស់គាត់ កាលពីខែមករា ឆ្នាំ២០១២ ពោលបួនខែបន្ទាប់ពីការបាត់ខ្លួន។ លោក ឡូរ៉ង់ វ៉ាលីយេ បានចូលមករស់នៅកម្ពុជា កាលពីអំឡុងឆ្នាំ២០០០ និង រៀការជាមួយនារីខ្មែរ ហើយបន្តរស់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ភរិយាលោក វ៉ាលី យេ បានស្លាប់នៅក្រោយពេលសំរាលកូនទី៤៕