(ឧត្តរមានជ័យ)៖ ជនរងគ្រោះ ជាកូន ជាចៅ និងសាច់ញាតិ ចំនួន៦នាក់ បានរងរបួស ក្រោយពីរថយន្តរបស់ពួកគេ មួយគ្រឿង បានផ្ទុះឡើង ដែលបណ្តាលមកពីការបំពាក់ហ្គាស នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព Fresh News ថា រថយន្តម៉ាក Camry ឆ្លាម ពណ៌កណ្តុរល្មេះ ពាក់ស្លាកលេខ ភ្នំពេញ 2B 6697 ម្ចាស់ឈ្មោះ ដាំ សុផាត រស់នៅ ភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ជិះគ្នា៧នាក់ សុទ្ធតែកូនចៅ និងសាច់ញាតិ បានផ្ទុះហ្គាស បណ្តាលឱ្យរបួស៦នាក់។ ដោយឡែក អ្នកបើករថយន្ត ពុំមានគ្រោះថ្នាក់ទេ។ សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើង ខណៈអ្នកជិះទាំងអស់ បានចុះពីរថយន្តហើយទើបផ្ទុះ បណ្តាលឱ្យរបួសដូចខាងលើ ។ បច្ចុប្បន្នអ្នករបួសត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក ខេត្តសៀមរាប៕