(ភ្នំពេញ)៖ និស្សិតស្រីស្រស់ស្អាតម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋ ខ្ទេចអស់៣ខ្នង នៅម៉ោងជាង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមដងផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំទី៤ សង្កាត់បឹងទំពុន ​ខណ្ឌមានជ័យ ដោយសារតែនាងស្រវឹង និងវ៉ាក់អើមនុស្សដើរឆ្លងផ្លូវ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ បុរសជាសង្សារបស់នាង ក្រោយមានហេតុការណ៏នេះកើតឡើង ស្រាប់តែរត់គេចខ្លួនបាត់ស្រមោលតែម្តង ទុកឲ្យរូបនាងនៅតែម្នាក់ឯងប៉ុណ្ណោះ។

ភ្នាក់ងារ Fresh News បានរាយការណ៍មកថា និស្សិតស្រីម្នាក់នេះ មានឈ្មោះ​ ឆេង​ កញ្ញា ​អាយុ២៦ឆ្នាំ ស្នាក់នៅភ្នំពេញ និងមានស្រុកកំណើតនៅភូមិអូតាគាំបី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។

និស្សិតស្រីខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានបើករថយន្ត Camry​ បាឡេន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-9148 ជាមួយសង្សារមកពីញាំអី។ បន្ទាប់ពីញាំហើយនាង និងសង្សារបានត្រឡប់ មកផ្ទះវិញដោយនាងជាអ្នកបើករថយន្ត តាមផ្លូវលេខ៣៧១ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែមានមនុស្សដើរឆ្លងផ្លូវ បូកជាមួយនាងស្រវឹង ហើយល្បឿនលឿនផងនោះ ធ្វើឲ្យនាងប្រឹងបើកជៀសមនុស្ស ដែលកំពុងដើរឆ្លងផ្លូវ ក៏រ៉េចង្កូតទៅបុក និងទ្វារផ្ទះរបស់គេបណ្តាលឲ្យ ខូចខាតយ៉ាងដំណំ។

ភ្លាមៗនោះ រថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកនិងបង្គោលភ្លើងបេតុងដ៏ធំមួយដើម បណ្តាលឲ្យរថយន្តខូចខាតស្ទើរទាំងស្រុងតែម្តង​ តែសំណាងល្អនាង និងសង្សារ ពុំមានរងរបួសនោះទេ។

ដោយឡែកម្ចាស់ផ្ទះដែលនាងបានបើកបុកនោះ ក៏ពុំមិនរងរបួសដែរ រីឯសង្សាររបស់នាងវិញបានរត់គេចខ្លួន បាត់ស្រមោលទុកឲ្យ នាងនៅតែម្នាក់ឯងទាំងភ័យ និងតក់ស្លុតបំផុត។

បន្ទាប់មកនាងបានដឹងកំហុស ក៏បានទៅសុំទោស និងចរចាសងថ្លៃខូចខាតទៅម្ចាស់ទាំងបី ដោយម្ចាស់ផ្ទះទាំងបីខ្ជិលវែងឆ្ងាយ បានសុំឲ្យនាងសងចំនួន១៤០០ដុល្លារ នៃការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។ រឺឯរថយន្តរបស់នាងដែលខូចខាត បន្ទាប់ពីសងលុយហើយក៏បានហៅឡានស្ទួច មកយកទៅជួសជុល នៅយានដ្ឋានជួសជុលបាត់ទៅ៕