(ព្រះសីហនុ)៖ ពិតជាគួរឲ្យសង្វេគយ៉ាងពន់ពេក ក្រោយពេលដែលជនរងគ្រោះមួយគ្រួសារ ក្នុងនោះប្តី និងកូនស្រី បានស្លាប់ ខណៈប្រពន្ធរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត CRV មួយគ្រឿង បុកម៉ូតូរបស់ពួកគេពីក្រោយ នៅល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច ស្ពានទឹកសាប ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍របស់ លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ ចាន់ ហៀន អាយុ ៤៩ឆ្នាំ , កូនស្រីឈ្មោះ លី ហួន​ អាយុ ប្រហែល៥ឆ្នាំ បានស្លាប់ រីឯម្តាយមានឈ្មោះ ភាព ស្រីទូច អាយុ ៤២ឆ្នាំ រងរបួសបាក់ជើងឆ្វេង កំពុងសម្រាកព្យាបាលនៅគ្លីនិករស្មីសេតេ។

បើតាមលោក អ៊ី សុខា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ មានទិសដៅពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាក HONDA CRV ពណ៌ស្ករ​ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-4902 បានបុកចំពីក្រោយបណ្តាលឲ្យជនរងគ្រោះទាំង ៣នាក់ បានស្លាប់ និងរងរបួសតែម្តង ។

យ៉ាងណាក៏ដោយក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយន្តមានឈ្មោះ សួន ផល អាយុ ៦៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ហើយបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕