(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានសេរសរក្នុង Facebook Page ផ្លូវការរបស់ខ្លួនថា ការងារប្រឡាយ-លូ គឺជាការងារអាទិភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ របស់សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាជន់លិចដោយទឹកភ្លៀង ដូចនេះជាផែនការមេ សាលារាជធានីភ្នំពេញ បានដាក់ចេញនូវផែនការសកម្មភាព ចំនួន៤ចំណុច។

លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook Page របស់លោកទាំងស្រុងថា៖

ជាមួយកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងដឹកនាំគម្រោងសិក្សាកសាងផែនការមេ កែលម្អប្រព័ន្ធប្រឡាយ-លូបង្ហូរទឹកភ្លៀង និងសំណល់រាវក្នុងរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ សូមដាក់ទិសដៅចំនួន៤ចំណុច៖

១-បន្ស៊ីគ្នារវាងផែនការ របស់សាលារាជធានីភ្នំពេញ ជាមួយផែនការJICA ដើម្បីដាក់ចេញជាផែនការមេមួយ សម្រាប់អភិវឌ្ឍន៍។

២-បន្តកិច្ចការស្តារ កែលម្អ ប្រព័ន្ធប្រឡាយ-លូ ព្រមទាំងយកមកវិញ នូវផ្លូវអមសង្ខាង នៃប្រឡាយនានា។

៣-ធ្វើការកែសម្រួល និងស្ថាបនាឡើងវិញនូវស្ថានីយ៍បូមទឹកនានា ដើម្បីពន្លឿនការបូមឱ្យបានឆាប់រហ័ស។

៤-រៀបចំអាងស្តុកទឹក និងសំណល់រាវឱ្យបានល្អ ដោយត្រូវស្ថាបនា ជាអាងប្រព្រឹត្តិកម្មនៃសំណល់រាវ។

យើងរំពឹងថាឆ្នាំក្រោយ សាលារាជធានីភ្នំពេញ នឹងអាចកាត់បន្ថយបានយ៉ាងលឿន នូវការជន់លិចទឹកភ្លៀង និងបញ្ហាស្ទះលូនានា សូមចូលរួមឱ្យអស់ពីលទ្ធភាពទាំងអស់គ្នា ដើម្បីអនាគតរាជធានីភ្នំពេញរបស់យើង៕