(ភ្នំពេញ)៖ អ្នកបកប្រែជនជាតិចិនម្នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ M & V ស្ថិតនៅសង្កាត់អង្រែក្រោម ខណ្ឌមានជ័យ បានគៀបជើងជាប់នឹងជណ្តើរយោងឥវ៉ាន់ បណ្តាលឲ្យបាក់ជើងទាំង២ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះបានគៀបជាប់ជើងទាំង២ នៅជាន់ទី៣ រហូតបាក់ទាំងសងសាង ហើយក្រោយកើតហេតុជនរងគ្រោះ ត្រូវបានភាគីរោងចក្រ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែសម្រាប់ករណីនេះ ខាងភាគីរោងចក្រ មិនឲ្យសមត្ថកិច្ចចូលទៅមើលនោះឡើយ។

តែយ៉ាងណាបើតាម សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ហួត ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបកប្រែភាសា និងកត់បញ្ជីទំនិញចេញចូល ស្នាក់នៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ហើយចំពោះមូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់នេះ ដោយសារជនរងគ្រោះ មានការធ្វេសប្រហែស ដោយជណ្តើរយន្តប្រអប់នោះ សម្រាប់ដឹកទំនិញប៉ុណ្ណោះ មិនអនុញ្ញាតឲ្យមនុស្សជិះទេ ហើយពេលជនរងគ្រោះជិះ ក៏ទាក់ខ្សែក្រវ៉ាត់ខោគៀបជាប់ជើងទាំង២ ក៏ត្រូវបានក្រុមជាងផ្សាផ្តាច់បន្ទះជណ្តើរទើបយកជនរងគ្រោះចេញបាន៕