(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១យប់ ចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មានករណីដ៏សាហាវមួយ ដោយយុវជនស្ទាវបានបើកឡានដេញបុកគ្នា ជ្រុលទៅបុកផ្ទះលក់សាំង និងហ្គាស បណ្តាលឲ្យផ្ទុះស្លាប់ស្រ្តីម្នាក់នៅក្នុងភ្លក់ភ្លើងគួរឲ្យអាសូរ, នៅចំណុចម្តុំក្បែរស្ថានីយ៍សាំងសូគីមិច ប្ញស្សីកែវ ក្នុងខណ្ឌប្ញស្សីកែវ។

ឡានពីរគ្រឿងដែលដេញបុកគ្នានោះមួយម៉ាកឆ្លាម និងមួយគ្រឿងម៉ាក កាមរី០៧, ហើយស្ត្រីដែលស្លាប់នៅក្នុងរថយន្តនោះគឺជាស្រ្តីជិះកាមរី០៧ ចំណែកបុរសជាអ្នកបើកបានរត់ចេញទាន់ពេល។

រថយន្តកាមរី០៧ ពាក់ស្លាកលេខ៖ 2W-2627 និងរថយន្តឆ្លាមពាក់ស្លាកលេខ៖ 2D-8072 ។

តាមការរៀបរាប់បានឲ្យដឹងថា៖ ដំបូងឡានទាំងពីរគ្រឿងបានបើកប្រដេញបុកគ្នា ក៏ជ្រុលទៅបុកហាងយីហោ ២៥០០រៀល នឹងបន្តជ្រុលទៅបុកហាងលក់សាំង និងហ្គាស បណ្តាលឲ្យផ្ទុះអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ចំណែកផ្ទះត្រូវភ្លើងឆេះខូចខាតយ៉ាងដំណំទ្រព្យសម្បត្តិជាច្រើន និងមានម៉ូតូ៣គ្រឿងផងដែរ ត្រូវបានភ្លើងឆេះខ្ទេច។

ពិតជាព្រហើនណាស់ ! បើកឡានដេញបុកគ្នា ជ្រុលទៅបុកផ្ទះលក់សាំង និងហ្គាស ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅស្លាប់ស្រ្តីម្នាក់ក្នុងឡាន។

Posted by Fresh News on Saturday, November 7, 2015