(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចេញសារព្រមានធ្ងន់ៗចំពោះមន្រ្តីនៅតាមមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ត្រូវបានចេះជួយមើល និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋឲ្យបានល្អ បើពុំដូច្នេះនឹងគ្មានឱកាសបម្រើប្រជាពលរដ្ឋតទៅទៀតឡើយ នេះបើយោងតាមសារព្រមានរបស់ប្រមុខរាជរដ្ឋាភិបាលបង្ហាញនៅលើ Facebook ផ្លូវការរបស់សម្តេច។

ក្រៅពីការព្រមានដកតំណែងមន្រ្តីអសកម្មនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋដែលមានរឿងអយុត្តិធម៌ ត្រូវមន្រ្តីខិលខូចមួយចំនួន ធ្វើបាបមកលើប្រជាពលរដ្ឋស្លូតត្រង់ សូមឲ្យផ្ញើនូវព័ត៌មានផ្សេងៗទាំងរូបថត សម្លេង របាយការណ៍ មកកាន់ប្រអប់សំបុត្រ (Messenger) នៅក្នុង Facebook របស់សម្តេចតេជោ ហ៊ុន សែន នោះសម្តេចសន្យានឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋដែលទទួលរងនូវភាពអយុត្តិធម៌។

សម្តេចតេជោ ហ៊ុន សែន បានអះអាងយ៉ាងច្បាស់ថា «មិនឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមឡើយ ទាំងនៅក្នុងអាណត្តិដឹកនាំរាជរដ្ឋាភិបាលពេលនេះ ក៏ដូចជានៅឆ្នាំ ២០១៨ខាងមុខ»

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារលើ Facebook យ៉ាងដូច្នេះថា៖ «ចាប់តាំងពីគេហទំព័រ Facebook Page សម្តេចតេជោ ហ៊ុន សែន បានបើកជាផ្លូវការ គឺប្រជាពលរដ្ឋ និងយុវជនបានធ្វើការទំនាក់ទំនង ទាំងនៅក្នុងទំព័រអត្ថបទប្រចាំថ្ងៃ (Daily posting page) ប្រអប់សំបុត្រ (In Box) និង សាររឆ្លើយឆ្លងភ្លាមៗ (Messenger)។ នៅពេលនេះ គឺប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ជិតស្និទ និងកក់ក្តៅជាមួយសម្តេចនាយករដ្ឋមន្រ្តី ដែលពួកគេអាចផ្ញើរនូវព័ត៌មានផ្សេងៗ រូបថត សម្លេង របាយការណ៍ ដែលមិនធ្លាប់បានដឹងឮពីមុន។ សម្តេចតេជោ នឹងបន្តដោះស្រាយជូនប្រជាពលរដ្ឋចំពោះរឿង អយុត្តិធម៌ដែលមន្រ្តីខិលខូចមួយចំនួនបានធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់»។

ទន្ទឹមនឹងនេះផងដែរ សូមមន្រ្តីដឹកនាំ តំណាងប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ជាពិសេសមន្រ្តីនៅតាមមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត យកចិត្តទុកដាក់ជួយមើលនិងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋយើងអោយបានល្អ។ កុំភ្លេចឲ្យសោះគឺត្រូវងូតទឹក ដុសក្អែល ឆ្លុះកញ្ជក់ ព្យាបាល មើលខ្លួនឯងឲ្យបានច្បាស់ បើពុំដូច្នោះទេឧិកាសបម្រើប្រជាពលរដ្ឋនឹងគ្មានតទៅទៀតឡើយ៕