(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីគន្លឹះសំខាន់ៗ៣យ៉ាង ដើម្បីក្លាយខ្លួនទៅជាអ្នកដឹកនាំល្អទាំងក្នុងក្រុមគ្រួសារ និងសង្គមជាតិ ជូនដល់មន្រ្ដីបុគ្គលិកក្រោមឱវាទ របស់ធនាគារជាតិ។

ការផ្ដល់ជាគន្លឹះសំខាន់ៗទាំង៣ របស់អគ្គទេសាភិបាលរូបនេះ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីបិទវគ្គគូលែនទី៥កម្រិតមូលដ្ឋានស្តីពី «ភាពជាអ្នកដឹកនាំ» នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ ក្នុងឱកាសបិទវគ្គគូលែននេះ លោកអគ្គទេសាភិបាល ក៏បានចែកជូនវិញ្ញបនបត្រដល់សិក្ខាកាមជាច្រើនរូប ដែលបានបញ្ចប់វគ្គសិក្សានេះ។

លោក ជា ចាន់តូ ឲ្យដឹងថា ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជា អ្នកដឹកនាំប្រកបដោយគុណវឌ្ឍិន៍ មន្ត្រីបុគ្គលិកត្រូវបន្តស្វែងយល់ និងតាមឱ្យទាន់សភាពការណ៍, ការអភិវឌ្ឍជំនាញ និងការរៀនសូត្រពីបទពិសោធន៍ល្អៗ ព្រមទាំងការរៀបចំឥរិយាបថ ឱ្យត្រឹមត្រូវផងដែរ។

លោកអគ្គទេសាភិបាលបញ្ជាក់ថា «ខ្ញុំយល់ឃើញថាការដឹកនាំល្អតែងតែបង្ហាញ តាមរយៈលក្ខណៈសម្បត្តិ៣យ៉ាងដូចជា៖ ១៖ ភាពសុចរិភាព, ២៖ សមត្ថភាព និងទី៣៖ ការចេះយល់ចិត្ត គន្លឹះទាំង៣នេះនឹងធ្វើឲ្យយើង ក្លាយខ្លួនជាអ្នកដឹកនាំល្អម្នាក់»

ក្នុងនោះលោកអគ្គទេសាភិបាល បានពន្យល់លម្អិតឃ្លោងឃ្លាទាំង៣នេះ ដល់មន្រ្ដីក្រោមឱវាទដូចខាងក្រោម៖

១៖ សុចរិតភាព សំដៅលើភាពជឿជាក់លើមនុស្សណាម្នាក់ ដែលធ្វើការងារត្រឹមត្រូវ និងគិតប្រយោជន៍រួមជាធំ។ សុចរិតភាពនេះ ត្រូវបានស្តែងចេញតាមរយៈឥរិយាបទថនៃការដឹកនាំ, ការអភិវឌ្ឍសមត្ថភាពជាក្រុម, ការលះបង់ខ្ពស់ និងការទទួលខុសត្រូវដោយមិនទម្លាក់កំហុស ឬស្តីបន្ទោសសមាជិកណាម្នាក់។

២៖ សមត្ថភាព សំដៅទៅលើអ្នកដឹកនាំមានសមត្ថភាព អាចប្រែក្លាយចក្ខុវិស័យឱ្យទៅជាការពិត។ ការយល់ពីសភាពការណ៍គ្រប់ជ្រុងជ្រោយ គួបផ្សំនឹងសមត្ថភាពជំនាញច្បាស់លាស់ ធ្វើឱ្យការសម្រេចចិត្ត និងការដឹកនាំអនុវត្តការងារបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។

៣៖ ការចេះយល់ចិត្ត សំដៅទៅលើការយកចិត្តទុកដាក់ពិតប្រាកដ ចំពោះមន្រ្តីបុគ្គលិកក្រោមឱវាទ។ អ្នកដឹកនាំដែលចេះយល់ចិត្តបុគ្គលិកគឺ មិនខ្លាចចែករំលែកនូវភាពជោគជ័យ ជាមួយសមាជិករបស់ខ្លួនឡើយ។

លើសពីនេះលោកអគ្គទេសាភិបាល បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈស្វ័យសិក្សាស្រាវជ្រាវ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយរៀមច្បម។ ពង្រឹងចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងភាសាបរទេសសម្រាប់ជីវិតការងារ, ចេះប្រើប្រាស់ និងសំយោគចំណេះដឹងដែលមាន ដើម្បីជាប្រយោជន៍ ក្នុងការងារប្រចាំថ្ងៃ និងត្រូវមានគុណធម៌ និងវប្បធម៌ជួយគ្នាទៅវិញទៅមក និងការរួបរួមសាមគ្គីភាព៕