(ភ្នំពេញ)៖ គូស្វាមីភរិយាមួយគូ បានរៀបការជាមួយគ្នា តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០១៥ ពោលគឺជាង១១ឆ្នាំមកហើយមិនមានកូន ទៅព្យាបាលនៅប្រទេសវៀណាម៤ដង មិនសម្រេចដូចបំណង  ទើបសម្រេចមានកូនដូចបំណង នៅស្រុកខ្មែរ ដោយកូននោះទើបនឹង ប្រសូតកាលពីដើមខែកញ្ញានេះ បន្ទាប់ពីទទួលយកសេវាបង្កកំណើត កូនក្នុងកែវដំបូងគេបង្អស់របស់កម្ពុជា នៅមន្ទីរសម្រាកព្យាបាលកម្ពុជា។

គូស្វាមីដែលទើបនឹងទទួលបាន កូនប្រុសដូចបំណង និងជាទីស្រឡាញ់ទាំងពីរនាក់នេះ ប្តីមានឈ្មោះ អ៊ុក ចាន់វាសនា អាយុ៣៧ឆ្នាំ ជាជំនួយការអគ្គនាយកក្រុមហ៊ុន RMT Co.,Ltd និងប្រពន្ធឈ្មោះ ខន ចាន់រស្មី អាយុ៣៥ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ពួកគាត់ទើបតែទទួលបានកូនប្រុស នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។

ជួបសម្ភាសន៍ជាមួយភ្នាក់ងារ Fresh News លោក អ៊ុក ចាន់វាសនា បានរៀបរាប់នៅការតស៊ូចង់បានកូន របស់ប្តីប្រពន្ធពួកគាត់ថា «ខ្ញុំនិងប្រពន្ធបានរៀបការ ជាមួយគ្នានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៤ ពោលគិតមកដល់ពេលនេះ រយៈពេលជាង១១ឆ្នាំ ហើយមិនមានកូនដូចបំណងនោះទេ ។ ដោយសារតែការប្រាថ្នាចង់បាន កូនដូចគូភរិយាស្វាមីគេដទៃ ខ្ញុំនិងភរិយាបានទៅស្វែងរក សេវាព្យាបាលនិងប្រើប្រាស់បច្ចេកទេស បង្កកំណើតកូនក្នុងកែវ នៅប្រទេសវៀតណាម ចំនួន៤លើក នៅឆ្នាំ២០០៨មួយលើក ២០១០មួយលើក និងឆ្នាំ២០១២ពីរលើក។ តែ៤លើកនេះខ្ញុំ និងភរិយា មិនទទួលលទ្ធផល មានកូនដូចបំណងនោះទេ»។

បុរសដែលទើបក្លាយជា ឪពុកគេថ្មីថ្មោងរូបនេះបន្តទៀតថា «បើទោះបីជា៤លើក នៅប្រទេសដែលមាន វិស័យសុខាភិបាលទំនើប ហើយមិនទទួលបានជោគជ័យក្តី ក៏ខ្ញុំនិងភរិយាមិនអស់នៅក្តីសង្ឃឹម និងការតស៊ូនោះទេ ពោលនៅឆ្នាំ២០១៣ ពួកខ្ញុំបានទៅទទួលយក ការប្រឹក្សានិងព្យាបាលនៅ មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលពេលនោះមិនទាន់មាន បច្ចេកទេសបង្កកំណើត កូនក្នុងកែវនៅឡើយទេ ។ ក្រោយមកទៀតនៅឆ្នាំ២០១៤ បន្ទាប់ពីប្រទេសកម្ពុជា មានបច្ចេកវិទ្យាបង្កកំណើតកូន ក្នុងកែវដំបូងគេ ខ្ញុំនិងភរិយាក៏បានសម្រេចចិត្ត ទទួលយកសេវាបង្កកំណើតកូន ក្នុងកែវម្តងទៀត តែម្តងនេះខុសពី៤ដងមុន ពោលគឺខ្ញុំនិងភរិយា បានជោគជ័យដោយទទួលបានកូនដូចបំណង»។

លោក អ៊ុក ចាន់វាសនា បានពិពណ៌នានៃការចំណាយ និងផលវិបាករបស់ខ្លួន ដែលចេញទៅស្វែងរកសេវាព្យាបាល នៅប្រទេសវៀតណាម ដោយលោកអះអាងថា ក្នុងមួយជើងៗលោកត្រូវ​ចំណាយពេលពី១៥ ទៅ២០ថ្ងៃ ក្នុងការស្នាក់នៅធ្វើដំណើរនៅទីនោះ ដើម្បីព្យាបាល ។ ឯការចំណាយទៀតសោក ក៏ចំណាយច្រើនផងដែរ ពោលទាំងថ្លៃព្យាបាលស្នាក់នៅ ធ្វើដំណើរមួយជើងៗ មិនតិចជាង៦ពាន់ដុល្លារនោះទេ សរុបទាំង៤ជើងលោកត្រូវចំណាយអស់ ប្រាក់ជាច្រើនម៉ឺនដុល្លារ។ ចំណែកឯនៅភ្នំពេញ គឺមានការងាយស្រួលខ្លាំងណាស់ដោយ ពេលខ្លះយើងមិនចាំបាច់ទៅចាក់ថ្នាំ ដល់មន្ទីរពេទ្យនោះទេ គឺអាចចាក់នៅផ្ទះបាន ដូច្នេះពិតជាងាយស្រួលមែនទែន ព្រោះពេលនេះសេវាបង្កកំណើតទើបចុងក្រោយ របស់ពិភពលោក កម្ពុជាមានមិនចាញ់បរទេសនោះទេ។

លោក អ៊ុក ចាន់វាសនា បានឲ្យដឹងទៀតថា កូនប្រុសរបស់គាត់ដែលទើបនឹងកើតមានឈ្មោះ អ៊ុក សៅរ៍វិជ្ជា ហើយរូបគេមិនត្រឹមតែ ​ជាក្តីសង្ឃឹម ឲ្យជីវិតប្តីប្រពន្ធរបស់គាត់ នោះទេសូម្បីតែឪពុកម្តាយក្មេករបស់គាត់ ដែលមានអាយុជាង៧០ឆ្នាំ និង៦០ឆ្នាំនោះ ទើបតែមានចៅដំបូង ក៏សប្បាយចិត្តឥតឧប្បមាផងដែរ ពួកគាត់សុទ្ធតែញញឹមញញែម ដោយមិនអាចនិងរកពាក្យអ្វី និយាយក្រៅពីសប្បាយ រីករាយបានឡើង។

ក្នុងទឹកមុខប្រកបដោយសុភមង្គល បន្ទាប់ពីទទួលបានកូនប្រុសជាទីស្រឡាញ់ លោក ចាន់វាសនា បានថ្លែងអំណរគុណទៅដល់ក្រុមគ្រួពេទ្យ នៃមន្ទីរសម្រាកព្យាបាលកម្ពុជា ដែលបានជួយឲ្យពួកគាត់ទាំងគ្រួសារ សម្រេចនៅក្តីប្រាថ្នា បានកូនដូចបំណង ហើយបានអំពាវនាវដល់គូស្វាមីភរិយា ទាំងឡាយដែលបាននិងកំពុងជួបបញ្ហា រៀបការរួច៣ទៅ៤ឆ្នាំ មិនទាន់មានកូន ឬអ្នកខ្លះអាចរហូតដល់ជាង១០ឆ្នាំ មិនមានកូននោះ សូមកុំទាន់អស់សង្ឃឹម ត្រូវព្យាយាមនិងស្វែងរកការប្រឹក្សា និងព្យាបាលជាមួយនឹងគ្រូពេទ្យជំនាញ ពិសេសនៅកម្ពុជាមានស្រាប់ ដោយមិនបាច់ទៅបរទេសនោះឡើយ គឺនៅមន្ទីរសម្រាកព្យាបាលកម្ពុជាតែម្តង ជាក់ស្តែងដូចរូបលោក និងគ្រួសារជាឧទាហរណ៍ស្រាប់ អត់មានកូន១១ឆ្នាំ ទៅរកសេវាបង្កកំណើតកូន ក្នុងកែវ៤លើក នៅវៀតណាមមិនបានផល ក៏មិនទាន់អស់សង្ឃឹមដែរ គឺព្យាយាមរហូតដល់ជោគជ័យ ហើយជោគជ័យនោះទៀត គឺនៅប្រទេសខ្មែរឯងតែម្តង។

សូមគូសបញ្ជាក់ថា មន្ទីរសំរាកព្យាបាលកម្ពុជា ក្រោយដាក់ឱ្យដំណើរការ ឡាបូបង្កកំណើត ក្នុងកែវដំបូងគេនៅកម្ពុជា បានរយៈពេលមួយឆ្នាំហើយ ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ ឡាបូបង្កកំណើតបច្ចេកវិទ្យាចុងក្រោយ មកពីអាមេរិកបានជួយឱ្យគ្រួសារ ទាំងខ្មែរ និងបរទេសចំនួន១៦២ គ្រួសារមានកូនដូចបំណង និងបានបង្កកកោសិកាកូនចំនួនជាង ១៤០០ កោសិកា។

គួរឱ្យកត់សម្គាល់ជាងនេះទៀត មន្ទីរសំរាកព្យាបាលកម្ពុជា សម្រេចបានភាពជោគជ័យ លើសេវាកម្មដូចជា ការរើសភេទកូន ការជ្រើសយកតែកោសិកាកូន ដែលមិនមានជម្ងឺតំណពូជ ការរក្សាទុកកោសិកាកូន ពងញី មេជីវិតឈ្មោល -ល-។ ចំពោះអត្រាជោគជ័យ (អត្រាករកូន អត្រាតោងជាប់) គឺស្មើនឹងអត្រាជោគជ័យនៅអាមេរិក និងប្រទេសជឿនលឿននៅប៉ែកអ៊ឺរ៉ុប ដូច្នេះហើយ ទើបបានជាមានភ្ញៀវបរទេស មកទទួលការព្យាបាលនៅកម្ពុជា។

លោក ហោ សំណាង នាយកគ្រប់គ្រង និងជាស្ថានិក មន្ទីរសំរាកព្យាបាលកម្ពុជា បានបញ្ជាក់ថា ការបង្កើតឡាបូនេះបានដោយសារ មានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា ហើយឡាបូនេះទៀតសោត កសាងឡើងដើម្បីប្រជាជនកម្ពុជា និងជាការរួមចំណែកជាមួយ ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាល ក្នុ្ងការអភិវឌ្ឍវិស័យវេជ្ជសាស្រ្តនៅកម្ពុជា។ មន្ទីរសំរាកព្យាបាលកម្ពុជា មានទីតាំងនៅផ្ទះលេខ ៣១ ផ្លូវ ១៧៨ (ជាប់របងខាងជើង សាលាបឋមសិក្សាដូនពេញ)៕

Photo by Fresh News

Photo by Fresh News

Photo by Fresh News