(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីរាជការចម្រុះចំនួន៤៥០នាក់ ចុះជួយច្រូតស្រូវលិចទឹកជំនន់ របស់ប្រជាពលរដ្ឋ នៅចំណុចចុងអូរព្រែកអំបិល ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ បានចំនួន៧ហិកតា ខណៈដែលស្រែលិចទឹកមានចំនួន ៣ឃុំ ក្នុងចំណោមឃុំទាំងអស់ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ងួន រតនៈ បានឲ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់ច្រើន ទឹកស្ទឹងហក់ឡើង មិនទាន់ស្រក ធ្វើឲ្យស្រូវដែលទុំក្នុងស្រែរបស់កសិករមួយចំនួន ដែលមិនទាន់បានច្រូតប្រមូលផល រងការលិចលង់។

លោកបន្តថា លោកបានយកថ្ងៃអាទិត្យនេះ ដែលជាថ្ងៃសម្រាករបស់មន្រ្តីរាជការ ដើម្បីដឹកនាំមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ៤៥០នាក់ ចុះមកជួយច្រូតស្រូវលិចទឹករបស់ប្រជាពលរដ្ឋបាន ៧ហិកតា នៅចំណុចចុងអូរព្រែកអំបិល ស្ថិតក្នុងភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។

លោក ងួន រតនៈ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត ដែលជាអ្នកបម្រើរាស្រ្ត លោកតែងតែជួយដោះស្រាយរាល់កង្វល់ និងសំណូមពររបស់រាស្រ្តនៅគ្រប់ទីកន្លែង។ ជាក់ស្តែងថ្ងៃនេះ លោកបាននាំកម្លាំងមន្រ្តីរាជការសរុប៤៥០នាក់ ចុះមកជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

លោកបន្តទៀតថា នេះជាកម្លាំងសាមគ្គីមួយដែលឆ្លុះបញ្ចាំងឲ្យឃើញថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាធំ ហើយតាមបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕