(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន នឹងបន្ដជន់ឡើង ដោយសារកម្ពុជាទទួលរងឥទ្ធិពលរបស់ព្យុះទី១៦ ឈ្មោះ បេប៊ីនកា ដែលបង្កឲ្យមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ពីមធ្យមទៅច្រើន។ នេះបើតាមសេចក្ដីជូនដំណឹង ស្ដីពីការព្យាករកម្ពស់ទឹកទន្លេ របស់ក្រសួងធនធានទឹក ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨។

ក្រសួងធនធានទឹក ក៏បានបញ្ជាក់ថា ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចកើនឡើងដល់កម្ពស់ ១១.០០ម៉ែត្រ នាថ្ងៃទី២២ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ), ទន្លេមេគង្គក្រចេះ ទឹកអាចកើនឡើងដល់កម្ពស់ ២២.២០ម៉ែត្រ នាថ្ងៃទី២៣ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ), ទឹកទន្លេមេគង្គកំពង់ចាម ទឹកអាចឡើងដល់កម្ពស់ ១៥.៤៥ម៉ែត្រ នាថ្ងៃទី២៤ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ), ទន្លេបាសាក់-ចតុមុ រាជធានីភ្នំពេញ ទឹកអាចកើនឡើងដល់កម្ពស់ ០៩.៩០ម៉ែត្រ នាថ្ងៃទី២៥ ខែសីហា (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ), ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ទឹកនឹងបន្ដកើនឡើងសន្សឹមៗបន្ថែមទៀត និងទន្លេសេកុង ទន្លេសេសា ទឹកអាចនឹងស្រកចុះវិញ ក្នុងអំឡុង២-៣ថ្ងៃខាងមុខ។

បន្ថែមពីនេះ ក្រសួងធនធានទឹក ក៏អំពាវនាវក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀងវាងនូវគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕​