(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អគារម៉រហ្គេន (Morgan Tower) នៅកោះពេជ្រ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា តាមរយៈការមកវិនិយោគកាន់តែច្រើនរបស់ក្រុមហ៊ុនចិននៅកម្ពុជា បានបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមគំនិត «ខ្សែក្រវាត់និងផ្លូវ» របស់សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ស៊ី ជិនពីង។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញពីភាពកក់ក្តៅ និងមានការរីករាយណាស់ដែលអគារម៉រហ្គេន (Morgan Tower) ដ៏ទំនើបលំដាប់ផ្កាយ៥ ដែលមានកម្ពស់២១០ម៉ែត្រ និងមាន៤៦ជាន់ ដែលត្រូវចំណាយអស់ ១៦០លានដុល្លារ ហើយដែលអាចសន្សំសំចៃថាមពលអគ្គសនី ត្រូវបានសាងសង់ក្នុងឆ្នាំ២០១៨នេះ ដែលជាខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន។​

អតីតប្រមុខការទូតជើងចាស់កម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Morgan និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អចលនៈទ្រព្យ ព្រមទាំងវិនិយោគលើវិស័យផេ្សងទៀតជាច្រើននៅកម្ពុជា ក្នុងក្របខណ្ឌភាពជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខណ្ឌ​ «ខ្សែក្រវាត់ និងផ្លូវ» ដែលជាគំនិតផ្តួចផ្តើមវិសេសវិសាលបំផុតរបស់ឯកឧត្តម ស៊ី ជីន ពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនដែរ»

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងការកសាងអគារ Morgan Tower ដែលមានចំនួន៤៦ជាន់ នាថ្ងៃនេះ ជាកាដូមួយសម្រាប់លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។​ ក្នុងរយៈពេល៦០ឆ្នាំ នៃទំនាក់ទំនងការទូត​រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាន់តែជិតសិ្នទ្ធស៊ីជម្រៅ និងកំពុងបន្តពង្រឹងនិងពង្រីកថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យទាំងអស់។

ឧបនាយករដ្ឋមន្ត្រី ហោ​ណាំហុង ក៏បានលើកឡើងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន មានប្រវត្តិយូរលង់មកហើយ ដែលត្រូវបានកសាងឡើងដោយ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងថ្នាក់ដឹកនាំកំពូលចិនពីមុនៗ រហូតមកដល់សព្វថ្ងៃនេះ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ជា «ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ» តាំងពីឆ្នាំ២០១០។

សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ លើគ្រប់វិស័យដល់កម្ពុជា តាមរយៈជំនួយឥតសំណង ហិរញ្ញប្បទានសម្បទានជាកម្ចីអត់ការប្រាក់ ឬការប្រាក់ទាប។ ការវិនិយោគយ៉ាងច្រើន ជាពិសេសបានកសាងផ្លូវជាតិជិត៣.០០០គីឡូម៉ែត្រ និងស្ពានចំនួន៧ នៅទូទាំងប្រទេសកម្ពុជា។ គិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៨នេះ វិនិយោគចិននៅកម្ពុជា មានចំនួនជាង៥ពាន់លានដុល្លារអាមេរិក។ បើគិតពីឆ្នាំ២០១៣ ដល់ខែកក្កដា២០១៨នេះ​វិនិយោគចិន​នៅកម្ពុជា មានចំនួនជាង២១ពាន់លានដុល្លារអាមេរិក៕