(ភ្នំពេញ)​៖ ​សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឲ្យក្រុម​ហ៊ុន​ Asia Property Cambodia Limited មាន​ទីតាំង​ស្ថិត​នៅ​ក្បាល​ដីលេខ​៣២៧​ មហាវិថី​ព្រះនរោត្តម​ (៤១)​ ភូមិ​៨​ សង្កាត់​បឹងកេងកង​១​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះ​អាសន្ន​ រង់ចាំ​តុលាការ​សម្រេច​ដល់​រឿង​អង្គ​សេចក្ដី​ចប់​ជា​ស្ថាពរ​។

ការសម្រេចរបស់តុលាការខាងលើនេះ បានធ្វើឡើងដោយសារការសាងសង់របស់ក្រុមហ៊ុនមួយនេះ បានធ្វើឲ្យប៉ះពាល់ដល់​ហាង​ Today Cafe ដែលនៅក្បែរនោះយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យប្រេះស្រាំសំណង់ហាង។​

ការ​អនុវត្ត​ដីកា​ចាត់ចែង​ជា​បណ្ដោះ​អាសន្ន​នេះ​ ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៨​ ដឹកនាំ​ដោយ​លោក​ ហ៊ឹង​ ប៊ុន​ថន​ ព្រះរាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាជ្ញាសាលា​ចុះទៅដល់ទីតាំងតែម្តង។

មន្ត្រី​ចូលរួម​ការ​អនុវត្ត​បានបញ្ជាក់​ថា​ លោក​ ម៉ង​ វិរុត​ ជា​មេការ​គ្រប់គ្រង​ការដ្ឋាន​សំណង់​ មិនមានការ​ជំទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ទេ​ គ្រាន់តែ​សំណូមពរ​ឱ្យ​មានការ​ចេញ​ចូល​ធម្មតា​ ដើម្បី​មើល​ថែ​សម្ភារដែល​មាន​ក្នុង​ការដ្ឋាន​ ហើយ​ឯកភាព​ផ្អាក​មិន​ដំណើរការ​សាងសង់​អ្វី​ទៀត​ទេ​ បើមានករណីលួចសង់ គឺលោកទទួលខុសត្រូវមុខច្បាប់។

តាម​ការ​រៀបរាប់​របស់​លោក​ ហេង​ បញ្ញា​តេជ​សីហ៍​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ម្ចាស់​បំណុល​ឈ្មោះ​ ហេង​ សុភារ៉ា​ បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ក្រុម​ហ៊ុន​ Asia Property Cambodia Limited បាន​បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​។

ការ​សាងសង់​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ហាង​ Today Cafe មានការ​ប្រេះ​ជញ្ជាំង​ឥដ្ឋ​ ធ្នឹម​ និង​ធ្វើ​ឱ្យ​ខូចខាត​គ្រឿង​បង្គុំ​សំណង់​ជា​ដើម​ ធ្វើ​ឱ្យ​ហាង​កាហ្វេ​មិន​អាច​ដំណើរការ​រកស៊ី​រយៈពេល​ជាង​៤ខែ​ និង​ខាតបង់​ផលប្រយោជន៍​ជា​ច្រើន​។ លោកបន្តថា «ហាងកាហ្វេនេះត្រូវបានបង្ខំចិត្តបិទអាជីវកម្មរបស់ខ្លួនចំនួន៤ខែមកហើយ បើគិតចាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨មក ដោយខ្លាចប៉ះពាល់ដល់អាយុជីវិត សុវត្ថិភាព អតិថិជន ដោយសារគ្រឹះកម្ទេចបាក់ធ្លាក់មក»។ មិនតែប៉ុណ្ណោះ​ ភាគី​ខាង​ក្រុមហ៊ុន​បានបំពាន​ទៅ​នឹង​លក្ខខណ្ឌ​ទី​២​ នៃ​លិខិត​ស្នើ​សុំ​សាងសង់​អគារ​ការិយាល័យ​របស់​អភិបាល​រាជធានី​ភ្នំពេញ​ថែមទៀត​ផង​។

ក្រោយពី​មាន​បញ្ហា​កើត​ឡើង​ ម្ចាស់​ហាង​ Today Cafe បាន​ធ្វើ​ការ​ចរចារ​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ Asia Property Cambodia Limited ដោយ​ក្រុមហ៊ុន​សន្យា​ធានា​ជុសជុល​ហាង​ឡើង​វិញ​ និង​ បាន​ធ្វើ​លិខិត​ទទួល​ខុសត្រូវ​សាងសង់​ចុះ​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៨​។ ប៉ុន្តែ​ក្រោយ​មក​ ក្រុមហ៊ុន​មិន​បាន​អនុវត្ត​កាតព្វកិច្ច​នេះទេ​ ចេះតែ​គេចវេស​ ហើយ​នៅ​តែ​បន្ត​ការ​សាងសង់​អគារ​ និង​ធ្វើឱ្យ​ហាង​ខូចខាត​ធ្ងន់ធ្ងរ​ទៅៗ​ រហូតតុលាការបានចេញដីកាសម្រេចឲ្យផ្អាកសាងសង់តែម្តង។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបកស្រាយពីភាគី ឬតំណាងក្រុមហ៊ុន Asia Propery Cambodia បានទេ ដោយសារតែមិនមានលេខទូរស័ព្ទ៕