(កណ្តាល)៖ នៅព្រឹកថ្ងៃ៧​ កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិស័ក​ ពស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៨ លោក​ កៅ​ ថាច​ អនុ​ប្រធានគណ:ពង្រឹង​ស្រុកល្វាឯម និងជាប្រធានចលនាយុវជនគណបក្សប្រជាជនស្រុកល្វាឯម​ តំណាង​របស់អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុន្នីរ័ត្ន​ ប្រធានគណៈអចិន្រ្តៃយ៍គណ:​ពង្រឹងមូលដ្ឋានស្រុកល្វាឯម​ និងស្រុកខ្សាច់កណ្តាល​ បានជួបសំណេះសំណាល​ជាមួយសិស្សានុសិស្សត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ (បាក់ឌុប) ឆ្នាំ២០១៨​ សរុបចំនួន​៤០៩នាក់​ មកពីវិទ្យាល័យចំនួន៣​ (វិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង,​ វិទ្យាល័យហ៊ុន​សែនទឹកឃ្លាំង​ និងវិទ្យាល័យហ៊ុនសែនល្វាស)។

នាឱកាសនេះផងដែរ​ លោក​ កៅ​ ថាច​ ក៏បាននាំមកនូវថវិកា​ឧបត្ថម្ភសរុបចំនួន​ ៤០,៩០០,០០០រៀល ​(សែសិបលានប្រាំបួនរយពាន់រៀល)​ របស់អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុន្នីរ័ត្ន​ ប្រធានគណៈអចិន្រ្តៃយ៍គណ:​ពង្រឹងមូលដ្ឋានស្រុកល្វាឯម​ និងស្រុកខ្សាច់កណ្តាល​ សម្រាប់ចែកជូនដល់សិស្សានុសិស្ស ដើម្បីសម្រួលបន្ទុកចំណាយក្នុងការធ្វើដំណើរ​ និងការស្នាក់នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ឆ្នាំ២០១៨​ ដោយឧបត្ថម្ភសិស្សម្នាក់ៗចំនួន​ ១០០,០០០​រៀល (មួយរយពាន់រៀល)។

ក្នុងឱកាសនោះដែរ លោក កៅ ថាច ក៏បានផ្តាំផ្ញើដល់បេក្ខជនត្រៀមប្រឡងទាំងអស់ត្រូវថែរក្សាសុខភាព ត្រូវគោរពឲ្យបាននូវបទបញ្ញត្តិ ដែលក្រសួងអប់រំបានកំណត់ ត្រូវប្រឡងសូមគោរពម៉ោងពេល និងគោរពវិន័យ ជៀសវាងការយកចូលមណ្ឌលប្រឡង នូវឧបករណ៍អេឡិចត្រូនិច សំណៅឯកសារជាដើម។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ៕