(កំពង់ធំ)៖ ដោយសារតែខ្វះការប្រុងប្រយ័ត្ន (ប្រមាទ) បុរសម្នាក់បានបើកកាណូតមួយគ្រឿងយ៉ាងលឿនតាមដងស្ទឹងតាំងក្រសាំង នៃស្រុកសន្ទុក ក៏ជ្រុលទៅបុកទូកមួយទៀតនៅលើស្ទឹងដូចគ្នា បណ្ដាលឱ្យម្ចាស់ទូកស្លាប់ភ្លាមៗ និងលិចបាត់ក្នុងទឹកស្ទឹងអស់ពេលមួយយប់ ហើយសាកសពទើបតែរកឃើញនាព្រឹកថ្ងៃចន្ទនេះទេ។

ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចអន្លុងតាហាច ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នាវេលាម៉ោងជាង៦ល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែសាកសពទើបតែរកឃើញនៅម៉ោង ៧៖៣៦នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨។ ជនរងគ្រោះមានឈ្មោះ លី ណាត អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ លីន មានកូនបីនាក់ រស់នៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

អ្នកដែលបានឃើញហេតុការណ៍បាននិយាយថា នៅវេលាម៉ោងជាង៦ល្ងាចម្សិលមិញ មានកាណូតដឹកស្រូវមួយគ្រឿង បានបើកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចអន្លុងតាហាច ក៏ស្រាប់តែជ្រុលទៅបុកទូកស្មាច់មួយទៀតដែលកំពុងធ្វើចរាចរណ៍ច្រាស់ទិសគ្នា បណ្ដាលអ្នកអុំទូកស្លាប់នៅនឹងកន្លែងតែម្ដង។

សូមជម្រាបថា បន្ទាប់ពីរកសាកសពជនរងគ្រោះឃើញហើយ សមត្ថកិច្ចក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម្ចាស់កាណូតជាជនបង្កនោះ គ្មានអ្នកណាស្គាល់អត្តសញ្ញាណឡើយក្នុងពេលកើតហេតុភ្លាមៗ ប៉ុន្តែកម្លាំងនគរបាលចរាចរណ៍ស្រុកសន្ទុកក៏កំពុងស្រាវជ្រាវយកមកដោះស្រាយទៅតាមផ្លូវច្បាប់់ផងដែរ៕