(ម៉ូស្គូ)៖ ទោះបីជាជំនួបកំពូលផ្លូវការ​ជាលើកដំបូងរវាង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តទៅ​អមដោយ​កំហឹងឆេះរោលនៅក្នុង​សហរដ្ឋអាមេរិកក៏ដោយ ក៏លោក ត្រាំ នៅតែអះអាងថា លោកចង់​ជួបលោក ពូទីន បែបនេះជាលើកទីពីរ​ទៀត។ នេះបើតាមការចេញផ្សាយ​ដោយ Sputnik នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

អាចថាទោះបីជាបរិយាកាស​នៅក្នុងកិច្ចប្រជុំមួយថ្ងៃ រវាងលោក ត្រាំ និងលោក ពូទីន នៅទីក្រុង​ហែលស៊ីនគី ប្រទេសហ្វាំង មានសភាព​ល្អប្រសើរ និងប្រកបដោយ​សន្តិសុខពេញ​លេញក៏ដោយ ប៉ុន្តែនៅ​សហរដ្ឋអាមេរិក​ឯណោះវិញ ទាំងសមាជិកសភា​​​នៃបក្ស​សាធារណរដ្ឋ​របស់​លោក​ ត្រាំ និងបក្សប្រជាធិតេយ្យមួយចំនួន​ សុទ្ធតែបានបង្ហាញ​​ការមិនពេញចិត្ត ដោយបាន​ធ្វើការរិះគន់​លោក ត្រាំ មិនសំចៃមាត់នោះឡើយ។

សម្រាប់ការងើប​ឡើងរិះគន់ ត្រាំ នោះគឺដោយសារតែ​ការនិយាយមិនច្បាស់លាស់​របស់លោក ត្រាំ ផ្ទាល់ថា លោកនឹងមិន​ជឿនោះឡើយថា រុស្ស៊ីជាអ្នកលូកលាន់​ការបោះឆ្នោត​នៅ​អាមេរិក​កាលពី​ឆ្នាំ២០១៦ ប៉ុន្តដោយមើលឃើញ​កំហឹងឆាបឆួល រហូតដល់មតិ​ខ្លះបានលើក​ឡើង​ថា លោក ដូណាល់ ត្រាំ បានក្បត់ជាតិខ្លួនឯង​ទៅគាំទ្រសត្រូវនោះ ទើបមក​ដល់ស្រុក​វិញ លោក ត្រាំ បានក្រឡាស់​សម្តីរបស់ខ្លួនភ្លាមៗ ដោយបង្ហាញ​ជំហរ​គាំទ្រទៅក្រុម​ស៊ើបអង្កេត​ពិសេសអាមេរិក និង​ទីភ្នាក់ងារ FBI វិញ។

គួរបញ្ជាក់ថា ទោះបីជាជំនួប ត្រាំ-ពូទីន ជាលើកទីពីរ​ត្រូវបានគេមើល​ឃើញថា មិនងាយនឹងកើតឡើង​ក៏ដោយ ក៏ខាងរុស្ស៊ី​ឯណេះវិញ គឺបានបើកភ្លើង​ខៀវចោល​២៤ម៉ោង​ទៅហើយ ព្រោះរុស្ស៊ីចង់មានទំនាក់ទំនងល្អ​ ជាមួយសហរដ្ឋអាមេរិក​ឡើងវិញ ដើម្បីបន្ធូរបន្ថយ​គំនាបសេដ្ឋកិច្ច ដែលខ្លួនបានទទួលរងប៉ុន្មានឆ្នាំមកនេះ៕