(ភ្នំពេញ)៖ នៅចំពោះមុខមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់កម្ពុជា លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ទោះបីសភាពការណ៍អន្តរជាតិ បានប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែចំណងមិត្តភាពរវាងចិន និងកម្ពុជា រឹងមាំជាប់រហូត។ ជាពិសេសឆ្លងតាមទំនាក់ទំនងកាន់តែយូរនេះ គឺធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេសចិន បានធ្វើឡើងក្នុងពិធីអបអរសាទរខួបទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ដែលសហការរៀបចំដោយសមាគមប្រជាជនចិន សម្រាប់មិត្តភាពជាមួយបរទេសនៃប្រទេសចិន និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិន នៅក្រុងប៉េកាំង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងពិធីអបអរសាទរនោះមានការអញ្ជើញចូលរួមយ៉ាងច្រើនពីមន្រ្តីជាន់ខ្ពស់ចិន និងកម្ពុជា រួមមាន៖ លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន, លោកស្រី ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសចិន, លោកស្រី Li Xiaolin ប្រធានសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសនៃប្រទេសចិន, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឥស្សរជនមេត្រីភាពមកពីគ្រប់មជ្ឈដ្ឋាន និងអង្គទូតបរទេសប្រចាំនៅប្រទេសចិន សរុបជិត ៣រយនាក់ បានចូលរួមបដិសណ្ឋារកិច្ចលើកនេះ។

នៅក្នុងសុន្ទរថាដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅនាឱកាសនោះ លោក វ៉ាងយី បានថ្លែងគូសបញ្ជាក់ថា «៦០ឆ្នាំកន្លងមកនេះ ទោះជាសភាពការណ៍អន្តរជាតិកើតមានការបម្រែបម្រួលដ៏ធំយ៉ាងណា ក៏ដោយតែចំណងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា គឺរឹងមាំជាប់រហូត ឆ្លងកាន់ពេលវេលាកាន់តែយូរកាន់តែរឹងមាំ។ ជឿជាក់ថា ឲ្យតែយើងខិតខំជាមួយគ្នា ចំណងមេត្រីភាពរវាងចិន និងកម្ពុជានឹងអាចរក្សាកម្លាំងរស់រវើកជានិច្ចនិរន្តរ៍។ ក្រៅពីនេះប្រទេសចិនក៏សង្ឃឹម និងជឿជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ របស់ប្រទេសកម្ពុជានឹងប្រព្រឹត្តទៅដោយរលូន»

លោកស្រី ខែក កែមាលី ស៊ីសូដា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយ និងការគាំទ្រចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាជាប់រហូតមកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងចិនទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀតក្រោមក្របខ័ណ្ឌ «ខ្សែក្រវាត់មួយនិងផ្លូវមួយ»

ក្នុងបដិសណ្ឋារកិច្ច លោក វ៉ាងយី និងលោកស្រី ខែក កែមាលីស៊ីសូដា បានរួមគ្នាបើកស្រោមសំបុត្ររំលឹកខួបអនុស្សាវរីយ៍លើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ព្រមទាំងបានរួមគ្នាកាត់នំខេកផងដែរ។ ក្រៅពីនេះ ភាគីរៀបចំកម្មវិធីក៏បានអញ្ជើញក្រុមរបាំព្រះរាជាទ្រព្យនៃប្រទេសកម្ពុជាឲ្យចូលរួមសម្តែងរបាំប្រពៃណីខ្មែរផងដែរ៕