(ភ្នំពេញ)៖ ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ASA, Plc. បាន​និង​កំពុង​រៀបចំ​នីតិវិធី និង​លក្ខខណ្ឌ​តម្រូវ តាម​បទប្បញ្ញត្តិ​ជា​ធរមាន ក្នុង​ការ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក.) និង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ដើម្បី​ចុះ​បញ្ជី​ដំណើរការ​លក់​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) របស់​ខ្លួន​ជា​សាធារណៈ​នៅ CSX។

ក្រុមហ៊ុន ASA, Plc. រំពឹង​ថា​ដំណើរការ​រៀបចំ​ចុះ​បញ្ជី​នៅ CSX អាច​នឹង​បញ្ចប់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ នេះបើយោងតាមលោក សួស ឧសភា សមាជិក​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ASA., Plc. បានបញ្ជាក់មកអង្គភាពសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក សួស ឧសភា ក៏បានបញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ASA., Plc. បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០០០ ដើម្បី​កាន់​កាប់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន២៥ភាគរយ ។ នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​ភាគហ៊ុនិក​ជាង ​១ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​កម្មករ​និយោជិត​របស់​ធនាគារ អេស៊ីលីដា។

បើតាមសមាជិក​ក្រុមប្រឹក្សាភិបាលរូបនេះ បន្ទាប់​ពី​ការ​ចុះ​បញ្ជី​រួច​រាល់មូលបត្រ​កម្ម​សិទ្ធិរបស់​ក្រុមហ៊ុន ASA, Plc. នឹង​អាច​ធ្វើ​ការ​ជួញ​ដូរ​ជា​សាធារណៈ​នៅ ​CSX។ តាម​រយៈ​ការ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន ASA, Plc. សាធារណជន​មាន​ឱកាស​ចូល​រួម​ក្នុង​ការវិនិយោគ ព្រម​ទាំង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការវិនិយោគ​នេះ​ពី​ក្រុមហ៊ុន ASA, Plc. ដោយ​ផ្អែក​លើ​ការ​រីក​ចម្រើន​របស់​ធនាគារ អេស៊ីលីដា ដែល​កំពុង​បន្ត​អភិវឌ្ឍន៍​យ៉ាង​រឹង​មាំ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ស្រប​ជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោយ​ស្ថិរភាព៕