(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានចុះពិនិត្យផ្ទាល់កន្លែងរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកកំពង់សីលា និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ ចំពោះកូនក្មេងតូច​ពីសត្វផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្នុងការចុះពិនិត្យផ្ទាល់នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ​លោកអភិបាលខេត្ត ក៏​ផ្តាំផ្ញើដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពប្រជាពល​រដ្ឋ និងត្រៀមបង្ការជួយសង្គ្រោះ​ឲ្យបានទាន់ពេលវេលា មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដើម្បីនាំពួកគាត់មកកាន់ទីទួលសុវត្ថិភាព​។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានស្រកចុះបន្តិចវិញហើយ បើទោះជាភ្លៀងនៅតែបន្តធ្លាក់។ ដោយឡែក ចំពោះសុវត្ថិភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៃជំនន់ទឹកភ្លៀងនេះ មិនទាន់មានបញ្ហាធ្ងន់ធ្ងរអ្វីឡើយគ្រាន់តែពួកគាត់មិនអាចចេញទៅរកស៊ីដូចធម្មតាបានប៉ុណ្ណោះ។

​ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ។ ដោយឡែកផ្នែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១០០ ម៉ែត្រ ក្នុងកម្ពស់ ០,៣ម៉ែត្រ ទៅ០.២ម៉េត្រទៀត។ ​

ទាំងសមត្ថកិច្ច និងអាជ្ញាធរ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅ ខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច៕