(កំពត)៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូឌុបគ្នា២នាក់ ហើយបត់ឆ្វេងមិនប្រយ័ត្ន នៅម៉ោង ៧៖១៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតក្នុងភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត។

មន្ត្រីនគរបាល នៃការិយាល័យចរាចរផ្លូវគោកខេត្ត បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ រួមមាន៖ អ្នកបើកបរម៉ូតូ ឈ្មោះ ណុប ទូច ភេទប្រុស អាយុ២៦ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ សេង រីម ភេទស្រី អាយុ៦៥ឆ្នាំ។ អ្នកទាំង២ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។

ជនរងគ្រោះ បានជិះម៉ូតូឌុបគ្នាម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-8850។ រីឯរថយន្តបង្ក ម៉ាកហាយលិនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-C3388 បើកបរដោយឈ្មោះ អៀម ចាន់សុភា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

មន្ត្រីនគរបាលដដែល បន្តថា ករណីគ្រោះថ្នាក់ចរាចរខាងលើ គឺបង្កឡើងដោយរថយន្ត និងម៉ូតូក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ម៉ូតូដែលរត់ពីមុខរថយន្ត បានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ គឺបត់ឆ្លងថ្នល់ទៅទិសខាងលិច ដោយមិនបានប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យរថយន្តបុកពេញទំហឹង ជួបគ្រោះថ្នាក់បែបនេះតែតែម្តង។ ហើយរថយន្តដោយសារតែជាន់ហ្វ្រាំងបួងចង្កូតគេចផង ទើបបណ្តាលឲ្យក្រឡាប់ផ្ងារជើងបួនឡើងលើ។ ក្រោយពីកើតហេតុ នៅពេលសមត្ថកិច្ច ចុះទៅដល់ ពុំមានភាគីខាងរថយន្តនោះទេ នៅសល់តែរថយន្តបង្ក និងសាកសពខាងម៉ូតូ២នាក់ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុផងដែរ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសានាំយកទៅស្រុក ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកយានយន្តទាំង២គ្រឿង សមត្ថកិច្ចបាននាំយកទៅរក្សាទុក នៅអធិកាដ្ឋាននគរបាលស្រុកជុំគីរី រង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕