(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃបានសាកសួរបុរសម្នាក់​ ដែលបានបិទស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា នៅលើរថយន្តស្លាកលេខនគរបាល ធ្វើឱ្យមានការរិះគន់នៅលើបណ្តាញសង្គម Facebook។ បន្ទាប់ពីមានការសាកសួរនេះ ក្រសួងមហាផ្ទៃកំពុងពិចារណា ក្នុងការបញ្ជូនសំណុំរឿងនេះ ទៅកាន់ គ.ជ.ប។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមនាយឧត្តមសេនីយ៍, បុរសដែលក្រសួងមហាផ្ទៃ ហៅមកសួរនាំនេះមានឈ្មោះ ឈួន ភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅឃុំទ្រា ស្រុកសំរោងទង ខេត្តតាកែវ។ រូបគេបានយករថយន្តម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខ នប 2-0996 ជារបស់បងប្រុសឈ្មោះ សឿន សឿង ជាមន្ត្រីនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សា នៅក្រៅប្រទេសនោះ យកទៅប្រើប្រាស់ និងជួសជុល។

តាមចម្លើយរបស់លោក ឈួន ភាព កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ លោកបានបើករថយន្តខាងលើ ទៅលេងកោះពេជ្រ ហើយបានឃើញមានការដង្ហែគណបក្ស និងមានការចែករូបសញ្ញា (Logo) គណបក្សប្រជាជនកម្ពុជា។ ដោយខ្លួនស្រឡាញ់ និងពេញចិត្ត ខ្លួនក៏បានសុំគេចំនួន០២ឡូហ្គោ យកទៅបិទទ្វាររថយន្តទាំងសង្ខាង។ ពាក់ព័ន្ធនឹងការយករថយន្តពាក់ស្លាកលេខ ន.ប កម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រង ដោយបងប្រុសបិទរូបសញ្ញា គណបក្សនេះ លោកអះអាងថា លោកពុំបានដឹងថា វាខុសនឹងច្បាប់ ស្តីពីការបោះឆ្នោតនោះទេ ហើយក៏ពុំមានបំណងឬ ចេតនាអ្វីក្រៅពីការស្រឡាញ់ គណបក្សតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានការរិះគន់មួយចំនួន នៅលើបណ្តាញសង្គម ​Facebook ចំពោះរថយន្ត២គ្រឿង ដែលបានបិទរូបសញ្ញា គណបក្សនយោបាយ ស្របពេល យុទ្ធនាការឃោសនាបោះឆ្នោត។ ពួកគេចាត់ទុកថា ការបិទដូច្នេះខុសនឹងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

បើតាមច្បាប់ស្តីពីការបោះឆ្នោត មាត្រា១៥៨ បានចែងថា ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលប្រើប្រាស់សម្ភារ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាឱ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាមួយ។

ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលានរៀល) ទៅ១០.០០០.០០០ (ដប់លានរៀល) ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បន្ទាប់ពីមានការរិះគន់​ ទៅលើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ ដើម្បី​បម្រើការ​ឃោសនាឱ្យ​គណបក្សនោះ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ។ លោកបញ្ជាក់ថាប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង៕