(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំង២ កម្ពុជា-ចិន បានដាក់​សម្ពោធ​សប្តាហ៍​ភាពយន្ត​ចិន និង​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​ចិន ដ៏​ឆ្នើម​លើក​ទី​៣ ក្នុងប្រទេសកម្ពុជា រយៈពេល៥ថ្ងៃ ការដាក់បញ្ចាំងខ្សែភាពយន្ដនេះ ធ្វើឡើងដើម្បីអបអរសាទរខួប​អនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង ​ការទូត​រវាង​ប្រទេសទាំង២​។​

ពិធីសម្ពោធ សប្ដាហ៍ភាពយន្តចិន ​និងដំណើរភាពយន្ត​ចល័តខ្មែរ-ចិន​ ដ៏​ឆ្នើម​លើក​ទី៣នេះ ធ្វើឡើងនារសៀលថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោម​ការ​ចូលរួមពីសំណាក់លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច  លោក ស្យុង ប៉រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង  ព័ត៌មាន លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន​ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងក្រសួងអប់រំយុវជននិងកីឡា និងតំណាងស្ថាប័នផ្សេងៗទៀត ព្រមទាំងភ្ញៀវកិត្តិយសប្រមាណជាង១ពាន់នាក់។

លោក ស្យុង ប៉រ បានឲ្យដឹងថា ខ្សែភាពយន្តជាស្ពាន ក្នុងការពង្រឹង ស្វែងយល់ពីគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន ព្រមទាំងជួយជំរុញការផ្លាស់ប្ដូរ ទំនាក់ទំនងផ្នែកវប្បធម៌រវាងគ្នាទៅវិញទៅមក។ សូមបញ្ជាក់ថា ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមនេះ បានប្រារព្ធធ្វើឡើងចំនួន​២លើក រួចមកហើយ ដោយក្រុមបញ្ចាំងភាពយន្ត នៃប្រទេសទាំងពីរ បានធ្វើដំណើរទៅកាន់តំបន់ទីជនបទ ដាច់ស្រយាល សហគមន៍ សាលារៀន ទីបញ្ជាការដ្ឋានកងទ័ព និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ដែលមានចំនួន១៤ខេត្តក្រុងនៅកម្ពុជា នឹងបានចាក់បញ្ចាំងភាពយន្តចិនជិត១០រឿង និងភាពយន្តខ្មែរជាច្រើនរឿង ជូនប្រជាជនកម្ពុជាទស្សនា។

លោកស្រី កត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងថា តាមរយៈសប្ដាហ៍ភាពយន្តចិននេះ នឹងធ្វើឱ្យប្រជាជនកម្ពុជា យល់កាន់តែច្បាស់ ពីវប្បធម៌ចិន និងមិត្តភាពកម្ពុជាចិន កន្លងមកកម្ពុជា-ចិនធ្លាប់បានប្រារព្ធ ព្រឹត្តិការណ៍នេះចំនួន២លើករួចមកហើយ ព្រមទាំងទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋខ្មែរ។

លោកស្រីបន្ដទៀតថា ក្នុងអត្ថន័យដ៏ជ្រាលជ្រៅ នៃចំណងមិត្តភាពយ៉ាងស្អិតរមួតនេះ សរបញ្ជាក់ថា ប្រទេសទាំង២ជាមិត្តល្អ ជឿកជាក់ទុកចិត្តគ្នា គាំទ្រ​ជឿជាក់គ្នា ជាបងប្អូនរួមសុខ​រួមទុក្ខជាមួយគ្នា និងជាដៃគូរសហការដ៏ប្រសើរឈរលើ គោលការណ៍ឈ្នះៗទាំងអស់គ្នា ដែលគ្រប់គ្នាតែងតែចាត់ទុកថា ​ជាគំរូនៃចំណងសហការ មេត្រីភាពរវាងប្រទេស និងប្រទេស។

លោកស្រីបញ្ជាក់ទៀតថា «ក្នុងថ្ងៃនេះខ្ញុំ រួមទាំងប្រជាជនខ្មែរ សូមចូលរួមអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនង​ការទូត រវាងប្រទេសទាំង២ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ និងសូមកោតសសើរ ដោយស្មោះចំពោះស្ថានទូត នៃសាធារណៈរដ្ឋនៃ ប្រជាមានិតចិន​ ប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរៀបចំកម្មវិធីនេះឡើង»

សូមបញ្ជាក់ថា សប្ដាហ៍ភាពយន្តចិន និងដំណើរភាពយន្ត​ចល័តខ្មែរ-ចិន​​លើក​ទី៣នេះ មានការសហការចូលរួម ពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងរៀបចំផ្ទាល់ដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនភាពយន្តចិនគ្រុប ហើយកម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងដើម្បីជំរុញ និងពង្រឹងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរបស់ប្រទេសទាំងពីរ ឱ្យបានស៊ីជម្រៅថែមមួយកម្រិតទៀ៕