(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា Facebook ផ្លូវការ​របស់សម្ដេចមានអ្នកគាំទ្រ​ចូល​ចិត្ត (Like)​ ជាង១០លាននាក់ហើយ​ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ។ នេះបើតាមការបង្ហោះនៅលើទំព័រ Facebook ផ្លូវការ​របស់សម្ដេច។

សូមបញ្ជាក់ថា ទំព័រ Facebook ផ្លូវការ​របស់សម្ដេចតេជោ ហ៊ុន សែន មានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister»

ក្នុងសារដែលបង្ហោះនៅលើទំព័រ Facebook ខាងលើនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះ​ គេហទំព័រ Facebook ផ្លូវការ​របស់ខ្ញុំមានចំនួនអ្នកគាំទ្រ​ចូល​ចិត្ត​ និងតាមដាន​ ១០លាននាក់ហើយ​ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ​»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា «តាមរយៈ Facebook ខ្ញុំមានការទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកក់ក្ដៅបំផុតជាមួយ​មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ បងប្អូនប្រជាពលរដ្ន​ និងកូនក្មួយយុវជន​ ព្រមទាំងកូនក្មួយកម្មករ​-កម្មការិនីទូទាំងប្រទេស​។ ទន្ទឹមនឹងនេះ​តាមរយៈ Facebook គឺខ្ញុំបានដឹងពីសុខទុក្ខបងប្អូនជនរួមជាតិ​ និងបានទទួលនូវសំណូមពរផ្សេងៗពីបងប្អូន ហើយក៏បានដោះស្រាយនូវបញ្ហាមួយចំនួនធំ​ជូនបងប្អូនប្រជាពលរដ្ឋ​ និងក្មួយៗរាល់ពេលកន្លងមក ប្រកបដោយជោគជ័យទៀតផង»

ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ​ ជាពិសេស​ក្រុមយុវជនចូរ​ប្រើប្រាស់​ Facebook ឲ្យមានប្រយោជន៍ដល់ខ្លួនឯងផង​ និងដល់សង្គមជាតិផង​ជាមួយនឹងការទទូលខុសត្រូវខ្ពស់។

សម្ដេចតេជោក៏បានអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមទាំងមិត្តភក្តិបរទេសទាំងអស់ ដែលបានស្រឡាញ់រាប់អានរូបសម្ដេច​ ព្រមទាំងបានគាំទ្រ​ Facebook របស់សម្ដេច ​រហូតបានកើនឡើងជាង១០លាន នៅថ្ងៃអាទិត្យនេះ​។

ទន្ទឹមនឹងនោះ សម្ដេចក៏បានជូនពរជនរួមជាតិ​ និងអ្នកគាំទ្រទាំងអស់ឲ្យសមប្រកបតែសេចក្ដីសុខ​ និងមានសំណាងល្អគ្រប់ៗគ្នាផងដែរ៕