(សៀមរាប)៖ បុរសម្នាក់ទៀតហើយ ដែលត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប​ចាប់ខ្លួន ក្រោយបានចែកចាយបន្ដនូវសារប្រមាថព្រះជេស្ដា ​ព្រះមហាក្សត្រខ្មែរ តាមបណ្ដាញសង្គម Facebook ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខេត្តសៀមរាប បានឃើញការបង្ហោះតាម Facebook ដែលមានគណនីឈ្មោះ ​Ban Samphy​ បានចែកចាយបន្តនូវរូបភាព​របស់អង្គព្រះមហាក្សត្រខ្មែរ ក្នុងន័យប្រមាថព្រះចេស្ដារបស់ព្រះអង្គ​។ ក្រោយពីបានឃើញការបង្ហោះនោះ គណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់​។

រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨​ ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកជីក្រែង បានរកឃើញម្ចាស់គណនី Facebook ខាងលើនោះ ​មានឈ្មោះ បាន សម្ភីរ ភេទប្រុស អាយុ​៧០ឆ្នាំ មុខរបរជាជាងកាត់សក់ បច្ចុប្បន្នរស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប​។

កម្លាំងសមត្ថកិច្ច ក៏បានហៅសាម៉ីខ្លួនរូបនោះ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ហើយបើតាមចម្លើយរបស់ឈ្មោះ បាន សម្ភីរ បានសារភាពថា​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ខ្លួនដែលជាម្ចាស់គណនីឈ្មោះ ​Ban Samphy​ ពិតជាបានចែកចាយបន្ត​រូបភាព និងខ្លឹមសារ ដែលមានន័យប្រមាថ ព្រះមហាក្សត្រ នៅវេលាម៉ោង​០៦៖៤០នាទី ពីFacebook ឈ្មោះ ​Khmer Thatcher ពិតប្រាដកមែន​។​

ហើយតាមចម្លើយសារភាពនោះដែរ ឈ្មោះ បាន សម្ភីរ បានបញ្ជាក់ទៀតថា ការចែកចាយបន្តនេះ មកពីមូលហេតុខ្លួនមិនពេញចិត្ត អង្គព្រះមហាក្សត្រ ដូច្នេះនៅពេលដែលខ្លួនបានឃើញការបង្ហោះ របស់គណនី (Khmer Thatcher) ក៏ខ្លួនបានចែកចាយបន្តនូវរូបភាព និងខ្លឹមសារ ក្នុងន័យប្រមាថអង្គព្រះមហាក្សត្រ តែម្ដងទៅ​។

បើយោងតាម​ក្រមព្រហ្មទណ្ឌ នៃ​កម្ពុជា ដែលទើប​ត្រូវបានវិសោធនកម្មថ្មីនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថ អង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទួន ៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​០១ឆ្នាំ ទៅ​០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី​២លានរៀល ទៅ​១០លានរៀល»​៕