(កំពង់ស្ពឺ)៖ ក្នុងនាមសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក សោម អូន បានប្រាប់កម្មករ កម្មការិនី ត្រូវតែរួមគ្នាថែរក្សាសុខ សន្ដិភាព ដើម្បីធានាបាននូវនិរន្ដរភាពការងារ ដែលមានដូចសព្វថ្ងៃ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក សោម អូន អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការនីនៅក្នុងឃុំសំបូរចំនួន៧ភូមិ គឺនៅពេលព្រឹកចំនួន៤ភូមិ និងនៅពេលរសៀលចំនួន៣ភូមិ ដែលជិត១០០០នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះចំនួន២១នាក់។

បើតាមលោក សោម អូន ការជួបសំណេះសំណាលនេះគឺដើម្បីចែករំលែកពត៌មានពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារ សេរីភាព សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ដែលទទួលបានថ្មីៗបន្ថែមទៀត ដែលជាការខិតខំដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្សព្វផ្សាយនូវគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយចាប់ផ្តើមពីចំណុងសូន្យ ទម្រាំមានអ្វីៗដូចសព្វថ្ងៃនេះ។

ក្នុងនាមក្រុមការងារ លោកសោម អូន បានថ្លែងអំណរគុណដល់កម្មករនិយោជិតទាំងអស់ ដែលបានចំណាយពេលនៅថ្ងៃឈប់សម្រាក មកចូលរួមពិធីសំណេះសំណាលនាពេលនេះ និងសូមអគុណចំពោះការប្តេជ្ញាចិត្តរបស់កម្មករក្នុងការចូលរួម ថែរក្សាសុខសន្តិភាព ដើម្បីធានាបាននូវនិរន្តរភាពការងារទាំងអស់គ្នា៕