(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅ កម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។

លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា ទទឹងតួផ្លូវនៅតំបន់ជនបទ ត្រូវពង្រីករហូតដល់ ២៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៣ម៉ែត្រ ដោយក្នុងនោះ រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ មានទទឹង ១៤ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយមានខឿនសួនចែកទិសដៅចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ បំពាក់ដោយរនាំងដែកសុវត្ថិភាពចំកណ្តាលសួន និងចិញ្ចើមផ្លូវសងខាងក្រាលបេតុងកៅស៊ូ AC ទទឹង ៣ម៉ែត្រ រួមទាំងបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងៗទៀត។

សម្រាប់ទទឹងតួផ្លូវនៅតំបន់ទីប្រជុំជន ត្រូវពង្រីករហូតដល់ ២៨ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៩ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៨ម៉ែត្រ ដោយក្នុងនោះ រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ មានទទឹង ១៤ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយមានខឿនសួនចែកទិសដៅ ចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលបេតុងកៅស៊ូ AC ទទឹង ២,៥០ម៉ែត្រ និងផ្លូវសម្រាប់អ្នកថ្មើរជើងសងខាងក្រាលការ៉ូឡា ទទឹង ៣ម៉ែត្រ។

គម្រោងផ្លូវនេះ ក៏មានសាងសង់ផ្លូវវាងក្រុងចំនួន ២ខ្សែ រួមមាន៖ ១.) ផ្លូវវាងឧដ្តុង្គ (ចាប់ពីគីឡូម៉ែត្រលេខ ៣៥+០៨០ ដល់គីឡូម៉ែត្រលេខ ៤០+២៨៥ ប្រវែង ៥,២០គីឡូម៉ែត្រ) និង២.) ផ្លូវវាងក្រុងកំពង់ឆ្នាំង (ចាប់ពីគីឡូម៉ែត្រលេខ ៨១+៨៣០ ដល់គីឡូម៉ែត្រ លេខ ៩៣+៩០៤ ប្រវែង ១២,០៧គីឡូម៉ែត្រ) ដែលមានទទឹងតួផ្លូវសរុប ២៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៣ម៉ែត្រ ដោយក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ មានទទឹង ១៤ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយមានខឿនសួនចែកទិសដៅចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ បំពាក់ដោយរនាំងដែកសុវត្ថិភាពចំកណ្តាលសួន និងចិញ្ចើមផ្លូវសងខាងក្រាលបេតុងកៅស៊ូ AC ទទឹង ៣ម៉ែត្រ រួមទាំងបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងៗទៀត។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់កំណាត់ផ្លូវខាងលើគ្រោងចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ ការសាងសង់ផ្លូវនេះគ្រោងប្រើរយៈពេល ៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ គឺជាកំណាត់ផ្លូវផ្នែកខាងត្បូង នៃគម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ប៉ោយប៉ែត ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន ដោយកំណាត់ផ្លូវផ្នែកខាងជើង ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណប្រវែង ៨៤.៧៤គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ កំណាត់ផ្លូវផ្នែកកណ្តាល ចាប់ពីធ្លាម្អម ដល់បាត់ដំបង បូកនិងពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ប្រវែងសរុប ១៤៦.០៤គីឡូម៉ែត្រ បានបញ្ចប់ការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា ត្រួតពិនិត្យបច្ចេកទេស និងកំពុងស្ថិតក្នុងដំណាក់កាលនៃនីតិវិធីរៀបចំឯកសារសម្រាប់ ការដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ ហើយគ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

លោករដ្ឋមន្ត្រី បានអះអាងថា ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ មានផ្លូវជាតិជាច្រើនខ្សែត្រូវបានរាជរដ្ឋាភិបាលបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ មានដូចជា កំណាត់ផ្លូវជាតិលេខ១១ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងផ្លូវជាតិលេខ៣ផងដែរ៕