(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រកាសជួយសាងសង់ផ្លូវមួយខ្សែប្រវែង ១៥៧ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ជុំវិញផ្សារលើក្រុងព្រះសីហនុ និងឧបត្ថម្ភកង្ហារបឺតខ្យល់ ៤៥០គ្រឿង បំពាក់លើដំបូលផ្សារ ដើម្បីសម្រួលដល់អាជីវករក្នុងផ្សារ។

ការប្រកាសផ្ដល់ជូនសមិទ្ធផលទាំងនេះ ធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្តព្រះសីហនុ បន្តចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជាក់ស្តែងនូវរបររកស៊ីរបស់អាជីវករលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ។ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។

លោកអភិបាលខេត្តពិនិត្យឃើញថា នៅក្នុងផ្សារមានកម្តៅខ្លាំងនៅរដូវប្រាំង លោកក៏បានជួយឧបត្ថម្ភកង្ហារស្រូបខ្យល់កាត់បន្ថយកម្ដៅចំនួន ៤៥០គ្រឿង បំពាក់ផ្នែកខាងលើដំបូលផ្សារ ដើម្បីជួយកាត់បន្ថយកំដៅក្នុងផ្សារដល់អាជីវករ។ ក្រៅពីមើលអាជីវករក្នុងផ្សារ លោកបានពិនិត្យមើលផ្លូវនៅជុំវិញផ្សារបន្ថែមទៀត។

បន្ទាប់ពីបានពិនិត្យរួច លោកបានជួយសាងសង់ផ្លូវបេតុងមួយខ្សែមានទទឹង ៩ម៉ែត្រ បណ្តោយ ១៥៧ម៉ែត្រ ដើម្បីជួយសម្រួលចរាចរណ៍ឲ្យកាន់តែងាយស្រួលជុំវិញផ្សារ។ បន្ថែមលើនេះ លោក យន្ត មីន បានជួយសាងសង់ដំបូលផ្សារផ្នែកខាងកើតបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋដែលគ្មានតូបលក់ដូរក្នុងផ្សារ អាចមានកន្លែងម្លប់ងាយស្រួលក្នុងការលក់ដូរ និងបន្តជួយចាក់បេតុងផ្លូវខាងមុខផ្សារ ដើម្បីឲ្យមានសោភ័ណភាពក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈដែលខេត្តព្រះសីហនុ កំពុងមានការចាប់អារម្មណ៍ពីអ្នកវិនិយោគ និងទេសចរ មកធ្វើការវិនិយោគ និងមកលេងខេត្តព្រះសីហនុយ៉ាងគំហុក នារយ:ពេល២ឆ្នាំចុងក្រោយនេះ។

លោក រស់ សុខគីម ប្រធានផ្សារលើក្រុងព្រះសីហនុ បានថ្លែងអំណរគុណរដ្ឋបាលខេត្ត ពិសេសឯកឧត្តមអភិបាលខេត្ត យន្ត មីន បានយកចិត្តទុកដាក់គិតគូរដល់អាជីវករ ពាណិជ្ជករលក់ដូរក្នុងផ្សារ បានផ្តល់កង្ហាស្រូបកម្តៅចំនួន ៤៥០គ្រឿង បំពាក់លើដំបូលផ្សារ ។ហើយមក ដល់ពេលនេះ លោក រស់ សុគីម បានបញ្ជាក់ថា បានបំពាក់បានចំនួន ៧៥កង្ហា គ្រោងនឹងបំពាក់បញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកបានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្នផ្សារលើក្រុងព្រះសីហនុ មានតូបលក់ដូរចំនួន ១,៣៤៣តូប ។ដោយឡែកប្រជាពលរដ្ឋអត់តូបលក់ក្នុងផ្សារ ហើយពួកគាត់កំពុងលក់ដូរតាមនៅជុំវិញផ្សារ មានចំនួនជាង ១០០តូបផងដែរ៕