(ក្រចេះ)៖ អ្នកតំណាងរាស្ដ្រមណ្ឌលក្រចេះ លោកស្រី ស៊ុន សាភឿន និងលោក ខ័ណ្ឌ ចំណាន ​ប្រធានក្រុមការងារខេត្តចុះជួយស្រុកឆ្លូង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០​១៨នេះ បានដឹកនាំប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ​ដើម្បីរំលឹកដល់​ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មសង្រ្គោម ដែលកើតមានឡើងនៅរបបកម្ពុជាប្រជាធិបតេយ្យ។

ពិធីដែលបានរៀបចំធ្វើឡើងនៅវត្តហាន់ជ័យក្រោម ឃុំហាន់ជ័យ ក៏មានការចូលរួមពី មន្ដ្រីរាជការ អាជ្ញាធមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

លោកស្រី ស៊ុន សាភឿន បានថ្លែងថា ក្នុងរបប​ខ្មែរក្រហម ឆ្នាំ១៩៧៣ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលរងនូវសោកនាដ កម្មរងទុក្ខខ្លោចផ្សា និររាសព្រាត់ប្រាស គ្មានឡើយសិទ្ធិតវ៉ា តវ៉ាមានតែស្លាប់ប៉ុណ្ណោះ គ្មានការផ្តល់ប្រាក់ កម្រៃណាមួយឡើយដល់ពលរដ្ឋ ដែលត្រូវបង្ខំឲ្យធ្វើការងារ​ដោយបង្ខំ ហើយបានជម្លៀស ប្រជាជនទីក្រុងនានា លុបចោល ទីផ្សារទាំងអស់ក្នុងប្រទេស មិនឲ្យចាយលុយ មិនមានកម្មសិទ្ធផ្ទាល់ខ្លួន ព្រះសង្ឃទាំងអស់ត្រូវបានចាប់ ផ្សឹក បង្កើតផ្ទះបាយរួមគ្នា ការកម្ចាត់ចោលទាំងស្រុងនូវខ្មាំងបង្គប់ និងការបំផ្លាញនូវហេដ្ឋារចនា សម្ព័ន្ធរូបវ័នគ្រប់វិស័យទាំងអស់ចោល រួមទាំងសុខាភិបាលផងដែរ។

បើតាមលោកស្រីតំណាងរាស្ដ្រ សព្វថ្ងៃប្រជាពលរដ្ឋចាប់ផ្តើមមាន ជីវភាពធូរធារ មានការងារធ្វើ មានប្រាក់កម្រៃសមរម្យ និងមានសិទ្ធិសេរីភាព និងជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមួយ មានសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិដែល​ល្អជាងគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ហើយកម្ពុជាបានប្រែក្លាយ ខ្លួនពីប្រទេសដែលទទួល​កម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកប្រទេសខ្លួនទៅ ជាប្រទេសមួយដែលបានបញ្ជូន កម្លាំងកងថែរក្សាសន្តិភាព និងមនុស្សធម៌រាប់ពាន់នាក់ ទៅកាន់ប្រទេសមួយចំនួនដែលកំពុងជួបប្រទះ សង្គ្រាមស៊ីវិលដូចខ្លួនកាលពីអតីតកាល។​

លោកស្រី​បន្ថែមថា កម្ពុជាបានប្រែខ្លួនពីជនរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេស ដែលផ្តល់បទ​ពិសោធផ្នែកសន្តិភាពដល់ប្រទេសមួយចំនួន ហើយសមិទ្ធផលជាច្រើនទៀត ត្រូវបានសាងសង់ឡើង សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយត្រូវរួមគ្នាថែរក្សាសន្ដិភាព ដើម្បីបន្ដការអភិវឌ្ឍន៍ជារៀងរហូត៕