(កំពង់ឆ្នាំង)៖ លោក អ៊ុក រ៉ាប៊ុន អំពាវនាវ​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូម​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជា ហ៊ុន សែន បន្តដឹកនាំប្រទេសកម្ពុជា និងបន្តរក្សាសន្តិភាព ស្ថិរភាព និងឲ្យមានការអភិឌ្ឍន៍បន្ថែមទៀត លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាស លោក អ៊ុក រ៉ាប៊ុន តំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីកាត់ឫស្សីមា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តគាំច័ន្ទវរារាម ស្ថិតនៅភូមិច្រកត្នោត ឃុំឈានឡើង ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក អ៊ុក រ៉ាប៊ុន បានជម្រាបជូនប្រជាពលរដ្ឋបន្ថែមថា ការទៅបោះឆ្នោត គឺជាសិទ្ធ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ដោយគ្មានការបង្ខិតបង្ខំ ឬ​គំរាមកំហែង ដើម្បីជ្រើសមេដឹកនាំប្រទេសដែលខ្លួនស្រលាញ់ពេញចិត្ត ដែលជាមេដឹកនាំណាដែលដឹកនាំប្រទេស ឲ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។​

បើតាមលោក អ៊ុក រ៉ាប៊ុន ប្រសិនបើប្រជាពលរដ្ឋមិនបានទៅបោះឆ្នោត គឺមិនបានចូលរួមកសាងលទ្ធិប្រជាធិប្បតេយ្យទេ ឬជ្រើសមេដឹកនាំខុស ដែលជាជនអគិតិ ឃុបឃិតជាមួយបរទេសបំផ្លាញជាតិ ក្បត់ជាតិ ដោយលួចកាត់ទឹកដីអោយទៅប្រទេសវៀតណាម នោះនឹងធ្វើឲ្យប្រទេស​បាត់បង់ទឹកដី។ ដូច្នេះ បើ​មិនបានទៅបោះឆ្នោតទេ គឺយើងមិនបានបំពេញកាតព្វកិច្ច ជាប្រជាពលរដ្ឋឡើយ៕