(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត​ចុះជួយស្រុកសង្គមថ្មី និងអាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុ​ធ និង​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ដើម្បី​រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ក្នុងឧក្រិដ្ឋកម្ម ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥​-៦ មករា ១៩៧៩)។

លោក សំ លាងទ្រី បានលើកឡើង​ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប​បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឲ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

​លោក សំ លាងទ្រី បានសង្កត់ធ្ងន់ថា ​សព្វថ្ងៃនេះ​ក្រោយពីកម្ពុជាមានសន្តិសុខ សន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចចំណូលចិត្តរៀងៗខ្លួន ជាមួយ​មានជីវភាពរស់នៅធូរធារសមរម្យ សន្តិភាព ក៏បានផ្តល់ឱកាស​គ្រប់យ៉ាង​ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ដូច្នេះសូមបងប្អូន​ប្រជាពលរដ្ឋចូលរួមថែរក្សា ការពារសន្តិភាព និងសណ្តាប់ធ្នាប់សង្គមឲ្យបានគង់វង្ស កុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយចំនួន កុំឲ្យទៅចូលរួមបោះឆ្នោត​។

បន្ថែមពីនេះ ​លោក សំ លាងទ្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិនេះ និ​ងអាណត្តិក្រោយៗទៀត។

ជាមួយគ្នានោះ​ លោកប្រធានក្រុមការងារ ក៏បានទិញម៉ាស៊ីនភ្លើងមួយគ្រឿង ប្រគេនវត្តស្វាយធំ ព្រមទាំងជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕