(កណ្តាល)៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល បានប្រារព្ធទិវាជាតិ នៃការចងចាំ​២០​ឧសភា និងសំណេះសំណាលជាមួយឃោសនិក និងសកម្មជន ដែលជាមន្រ្តីបង្គោលរបស់គណបក្សប្រមាណជាង​១,០០០នាក់ នៅស្រុកមុខកំពូល។

លោក វង្សី វិស្សុត បានថ្លែងថា ការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា​នេះ ដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ជាង៣លាននាក់ដែលបានស្លាប់ ដោយសារទង្វើដ៏សែនព្រៃផ្សៃ និងឃោឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ពល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងធ្វើទារុណកម្មគ្មានត្រាប្រណី។ មហាវិនាសកម្មដ៏សែនរន្ធត់ និងហិនហោចខ្លោចផ្សាបំផុតនេះ គឺមានដើមចមបណ្តាលមកពីការលូកដៃពីសំណាក់បរទេសមហាអំណាច តាមរយៈការបំបែក និងប្រើប្រាស់កម្លាំងកម្ពុជា​នៅក្នុងប្រទេស ដើម្បីបម្រើឲ្យផលប្រយោជន៍មនោគមន៍វិជ្ជានយោបាយរបស់ពួកគេ។

បើតាមលោកប្រធានក្រុមការងារ ផលវិបាកបណ្តាលមកពីសង្គ្រាមបង្ហូរឈាមនេះ មិនត្រឹមតែបានធ្វើឲ្យប្រជាជនរាប់លាននាក់ ត្រូវបាត់បង់ជីវិតប៉ុណ្ណោះទេ តែមូលដ្ឋានរបស់ជាតិខែ្មរទាំងមូល ក៏ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងផងដែរ។ ប្រការនេះបានធ្វើឲ្យកម្រិតនៃការអភិវឌ្ឍរបស់ប្រទេស​នៅពេលនេះ ត្រូវស្ថិតនៅពីក្រោយប្រទេសសឹង្ហបូរី ម៉ាឡេស៊ី និងថៃសរុបប្រមាណ​៤០ឆ្នាំ ពោលគឺសង្គ្រាមនេះបានទាញការអភិវឌ្ឍកម្ពុជា។

​លោកបន្ថែមថា កម្ពុជាបច្ចុប្បន្ន និងកម្ពុជាក្នុងទសវត្សឆ្នាំ៧០ គឺមិនដូចគ្នាទេ ព្រោះថាកម្ពុជាបច្ចុប្បន្ននេះ មានកម្លាំងនយោបាយ និងសេដ្ឋកិច្ចខ្លាំងជាងមុន, មានលទ្ធភាពអាចរស់ដោយខ្លួនឯងកាន់តែច្រើនជាងមុន ហើយកម្ពុជាក៏មិនមែនជាប្រទេសឯកោដែរ ព្រោះកម្ពុជាមានប្រទេសជាមិត្តច្រើន ទោះបីអាចមានប្រទេសមួយ ឬពីរចិញ្ចឹមចិត្តយកកម្ពុជាជាចំណាត់ខ្មាំងរបស់គេក្តី។ ពេលនេះ គ្មានកម្លាំងមកខាងក្រៅណាមួយអាចមកបំផ្លាញកម្ពុជាបានទេ ព្រោះកម្ពុជាមានសក្តានុពលខ្លាំង។

ជាមួយគ្នានេះ លោក​បានណែនាំដល់មន្រ្តីបក្សទាំងអស់ ត្រូវរក្សាឲ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវរួបរួមកម្លាំងគ្នា នៅលើមាគ៌ាតែមួយ ឆ្ពោះទៅកាន់ជ័យជំនះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្តដា ខាងមុខនេះ ដើម្បីអភិវឌ្ឍប្រទេសនេះ ឲ្យកាន់តែរីកចម្រើនជាងមុន ហើយប្រជាជនកាន់តែមានជីវភាពធូរធាជាងមុន៕